សិល្បៈ
តាគល់ដោយសារតែរូបសម្រស់ស្រស់ស្អាតជាពិសេសរូបរាងតូចស្រឡូនរួមនឹងសមត្ថភាពជាច្រើននោះ បានធ្វើឱ្យពិធីការិនី ជីមមី ត្រូវបានមហាជនជាច្រើនស្រឡាញ់ចូលចិត្ត និងជំរុញឱ្យស្រីស្អាតរូបនេះចូលប្រកួតប្រជែងនៅក្នុងវិស័យប្រឡងបវរកញ្ញា តែដោយសារមានគោលដៅផ្ទាល់ខ្លួន ជីមមី បានត្រឹមធ្វើរឿងមួយនេះដើម្បីឱ្យហ្វេន ហ្វេន អស់ចិត្ត ។
ជាមួយនឹងរ៉ូបចងពុងពណ៌លឿងលំអរដោយមកុដយ៉ាងចែងចាំងមើលទៅស្រីស្អាត ជីមមី មិនខុសពីបវកញ្ញា ដែលទើបនឹងទទួលពានឡើយ ហើយក្នុងនោះក៏មានមហាជននៅក្នុងបណ្តាញសង្គមលាន់មាត់សរសើរគ្រប់គ្នា ហើយម្នាក់ៗបានបញ្ចេញមតិដូចៗគ្នាថា «ស្រស់ស្អាតបើក្លាយ ជាតំណាងជាតិមិនដឹងល្អយ៉ាងណាទេ» «ចង់ឃើញបងប្រឡងបវកញ្ញា» «មានទាំងសមត្ថភាព និងសម្រស់បើទៅប្រឡងបវកញ្ញាដឹងតែជាប់ហើយ» ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាការតែងខ្លួនរបស់ ជីមមី ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្ត និងបានឃើញពីសម្រស់របស់ខ្លួននៅក្នុងឈុតបវកញ្ញតែប៉ុណ្ណោះ មិនមានគោលបំណងអ្វីផ្សេងនោះទេ ។
នៅក្នុងវីដេអូនោះ ជីមមី បាននិយាយថា នាងពិតជាអរគុណចំពោះមហាជនទាំងអស់ ដែលស្រឡាញ់នឹងលើកទឹកចិត្តឱ្យនាងប្រកួតបវកញ្ញា តែសម្រាប់នាងមិនមានគំនិតចង់ចូលរួមប្រកួតឡើយ តែមិនមែនដោយសារ ហួសអាយុ ឬ មានគូស្នេហ៍នោះទេ អ្វីដែលសំខាន់នាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់កម្មវិធីណាមួយនាងមានគោលដៅផ្ទាល់ខ្លួនសម្រាប់ដើរ តែពេលនេះមិនទាន់សម្រេច ប៉ុន្តែនាងសន្យាថានឹងព្យាយាមផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់ដើម្បីឱ្យពិភពលោកបានដឹងថាកូនខ្មែរក៏មានសមត្ថភាពមិនអន់នោះដែរ ។
ជីមមី ត្រូវបានគេចាត់ទុកជាពិធីការិនីវ័យក្មេងដែលមានសមត្ថភាពម្នាក់ ពោលនាងអាចប្រើប្រាស់ភាសាបានជាច្រើនដែលមានដូចជាអង់គ្លេស ថៃ និង ចិន យ៉ាងស្ទាត់ជំនាញដែលសូម្បី ជនជាតិថៃក៏ស្រឡាញ់ និងចូលចិត្តរូបនាងហើយអ្វីដែលធ្វើឱ្យ ហ្វេនៗកាន់តែឈ្លក់វង្វេងនោះគឺរូបរាងតូចស្រឡូន និងស្បែកសខ្ចីយ៉ាងទាក់ទាញ។ ថ្មីៗនេះ ជីមមី បានធ្វើឱ្យជនជាតិអាមេរិកជាច្រើនចាប់អារម្មណ៍ក្រោយឃើញសម្រស់នាងក្នុងឈុតក្រម៉ាយ៉ាងឆើតឆាយរួមនឹងកាបូបកំប្លោក បង្អួតសម្រស់នៅតាមបណ្តាររដ្ឋមួយចំនួននៅលើទឹកដីអាមេរិកនាពេលកន្លងមក ៕