សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចាកចេញពីចម្ការ លោក ខឹម វាសនា នៅឯជើងភ្នំគូលែន ត្រឡប់ទៅផ្ទះដើម្បីប្រកបការងារចិញ្ចឹមជីវិតជាធម្មតាវិញ ដោយសារពេលនេះពុំបាតុភូតអ្វីកើតឡើងដូចការឃោសនាបែបសាសនាទេ ហើយអាជ្ញាធរក៏ត្រៀមរថយន្តដឹកជញ្ជូនពលរដ្ឋត្រឡប់ទៅវិញមិនគិតថ្លៃដែរ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ឥឡូវនេះមានក្រុមខ្លះចង់ចេញ តែត្រូវក្រុមការពាររបស់គេរុញត្រឡប់ទៅវិញ អត់ឱ្យចេញ។ ប៉ុន្តែខ្ញុំក៏អំពាវនាវដល់ពលរដ្ឋនៅកន្លែងហ្នឹង នាំគ្នាដើរចេញមក ហើយនៅខាងក្រៅមានរថយន្តចាំដឹក មានបាយទទួលទាននៅខាងក្រៅ»។
រយៈពេលប្រមាណជាង១សប្តាហ៍មកហើយ ដែលមានការឃោសនាសាបព្រួសអបិយជំនឿរបស់ លោក ខឹម វាសនា ទៅដល់អ្នកគាំទ្រថា អំឡុងចុងខែសីហា ឬឆាប់ៗនេះ នឹងមានទឹកជំនន់លិចពិភពលោក រួមទាំងកម្ពុជាផងដែរ លើកលែងតែភ្នំគូលែនប៉ុណ្ណោះ។ លោកបានអំពាវនាវឱ្យសកម្មជនខ្លួន ចាកចោលផ្ទះសម្បែង និងការងារទៅកាន់ភ្នំគូលែន ដើម្បីរក្សាសុវត្ថិភាព ដែលក្នុងនោះក៏មានពលករខ្មែរមួយចំនួន មកពីប្រទេសកូរ៉េ ជប៉ុន និងប្រទេសថៃជាដើម។