header ads

Sponsor

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី បានចេញសេចក្ដីប្រកាសថ្កោលទោសដល់បវរកញ្ញាមួយចំនួន ព្រោះបញ្ហាសម្លៀកបំពាក់របស់បវរកញ្ញាដែលស្លៀកក្នុងកម្មវិធី មានភាពសិចស៊ីជ្រុលហួសហេតុពេក។

នៅក្នុងលិខិតបានឲ្យដឹងថា សកម្មភាពផលិតសម្លៀកបំពាក់ មិនសមរម្យ ដែលដើរបង្ហាញដោយស្រ្តីខ្មែរមួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពសិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាលលេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។

យោងតាមសេចក្ដីប្រកាសមានដូចតទៅ "នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឱ្យព្រួយបារម្ភនៃការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម ដោយបង្ហាញឈុតឆាក សំលៀកបំពាក់ មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរមួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាលលេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញនូវគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សំលៀកបំពាក់ស្ត្រីខ្មែរ ។

ក្រសួងកិច្ចការនារី សូមសំដែងនូវការសោកស្ដាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពបែបនេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញ ទង្វើទាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ។ ក្រសួង សូមអំពាវនាវដោយទទូចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន កុំតាមចរន្តដែលជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរ តាមគ្រប់រូបភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ ដែលបានសំដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្ដីថ្លៃថ្នូររបស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្រ្តី និងគ្រួសារខ្មែរឱ្យកាន់តែល្អផូរផង់តទៅមុខទៀត"។

ចំណែកឯក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ដែលមានលោកស្រីបណ្ឌិត​សភាចារ្យ ភឿង សកុណា នឹងដឹកនាំកិច្ចប្រជុំថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ស្អែកនេះ ដោយមានការចូលរួមពីក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងពីខាងក្រុមហ៊ុន មហាហង្ស ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post