header ads

Sponsor

សម្រាប់ថ្ងៃឱសានវាទដែលអាជ្ញាធរខេត្តសៀមរាបដាក់ជូនទៅក្រុមលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅត្រឹមម៉ោង២៤៖០០នាទីថ្ងៃទី៣០ ខែសីហាម្សិលមិញនេះគឺបានផុតហើយ ប៉ុន្តែនៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២២នេះ អាជ្ញាធរនៅមិនទាន់បានប្រើវិធានការក្តៅនៅឡើយនោះទេ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ពេលនេះអាជ្ញាធរកំពុងពង្រាយកម្លាំង ដើម្បីបិទមិនឱ្យប្រជាពលរដ្ឋពី ក្រៅចូលមកតំបន់នេះទៀត ហើយអាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងចម្ការលោក ខឹម វាសនា ចេញទៅផ្ទះវិញ។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារថា ប្រជាពលរដ្ឋដែលចូលទៅស្នាក់នៅក្នុងកន្លែងនោះ ទី១ សុខុមាលភាព ប៉ះពាល់និងបាត់បង់ការងារ កុមារមិនបានទៅរៀន ហើយបងប្អូនដែលមកទីនេះ អ្នកខ្លះលះបង់ទ្រព្យសម្បត្តិផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្តថា អាជ្ញាធរតែងតែគិតគូរពីប្រជាពលរដ្ឋ ដូចនេះការប្រមូលផ្តុំប្រជាពលរដ្ឋឱ្យមកស្នាក់នៅចម្ការលោក ខឹម វាសនា ដើម្បីគេចផុតពីទឹកជំនន់នេះអាជ្ញាធរមិនអាចទទួលយកបានទេ នូវទង្វើរបស់លោក ខឹម វាសនា ដែលធ្វើឱ្យប៉ះពាល់ជីវភាព សុខភាព របស់ប្រជាពលរដ្ឋយើងមិនថាសមាជិករបស់គណបក្សLDP បងប្អូនមកពីកូរ៉េ មកពីជប៉ុន គឺសុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរទាំងអស់។

ឯកឧត្តមបន្តទៀតថា នៅថ្ងៃនេះ យើងកំពុងតែឱ្យលោកប្រធានLDPរំសាយទាំងស្រុងតែម្តង ហើយជាវិធានការរដ្ឋបាលរបស់អាជ្ញាធរ គឺឱ្យប្រជាពលរដ្ឋដែលស្នាក់នៅក្នុងចម្ការនេះ ស្ម័គ្រចិត្តចេញ ដោយអាជ្ញាធរបានរៀបចំរថយន្តសម្រាប់ដឹកអ្នកដែលមិនមានមធ្យោបាយជិះទៅស្រុកកំណើតវិញ និងមានការពិនិត្យសុខភាពជូនពួកគាត់ផងដែរ ដើម្បីឱ្យពួកគាត់អាចចូលធ្វើការងារ និងកុមារបានរៀនសូត្រវិញ។

ឯកឧត្តមបានបញ្ជាក់ថា ពេលនេះកងកម្លាំងបានពង្រាយរួចហើយ រថយន្តកងទ័ព និងរថយន្តពេទ្យជាច្រើនគ្រឿង ក៏បានបញ្ជូនមកដល់អស់ហើយដែរ ដោយអាជ្ញាធរកំពុងតែធ្វើការផ្សព្វផ្សាយទៅបងប្អូនដែលស្នាក់នៅក្នុងចម្ការឱ្យបានយល់ និងឱ្យបងប្អូនចេញមក គឺមានរថយន្តចាំទទួល។ ប៉ុន្តែការដាក់កម្លាំងសមត្ថកិច្ចមកច្រើននេះ មិនទាន់មានការប៉ះទង្គិចគ្នាជាមួយសមាជិកLDPនោះទេ។

តាមការសង្គេតមើលជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋដែលស្នាក់នៅចម្ការលោក ខឹម វាសនា បានបន្តចេញជាបន្តបន្ទាប់ ហើយអ្នកខ្លះនិយាយថា កំពុងមានបញ្ហាសុខភាព ដោយមានទាំងចាស់ និងក្មេងៗ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រមូលផ្តុំអ្នកគាំទ្រ និងសមាជិកសកម្មជនមកពីតាមបណ្ដារាជធានី ខេត្ត នៅទូទាំងប្រទេស ដើម្បីមកជួបប្រជុំគ្នានៅចំណុចចម្ការម្រេចរបស់លោក ខឹម វាសនា ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្តាប់ការពន្យល់របស់លោក ខឹម វាសនា អំពីការបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ពន្យល់អំពីដំណើរធម្មជាតិ ជាពិសេសគឺការគេចផុតពីទឹកជំនន់ ដោយមានអ្នកចូលរួមច្រើន បែបជាលក្ខណៈគ្រួសារដោយមានទាំងក្មេងតូចៗផង រួមទាំងមានចាន ឆ្នាំង មុង ភួយ កន្ទេល ខ្នើយ និងរបស់របរប្រើប្រាស់ផ្សេងៗផង៕ ប្រភព ក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post