
សិល្បៈ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបញ្ជាឲ្យលោកស្រី ភឿង សកុណា ពិនិត្យឡើងវិញលើកម្មវិធី Miss Grand Cambodia បន្ទាប់ពីរងការរិះ.គន់ផ្ទួនៗពីមហាជន ពាក់ព័ន្ធនឹងរឿងយកល្បែ-ងតំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៊ី.ចស៊ីជ្រុលហួសហេតុ របស់បេក្ខនារីតំណាងឲ្យខេត្តស្ទឹងត្រែង តែសម្ដេចបានបញ្ជាក់ថា បេក្ខនារីដែលចូលរួមសម្តែង គ្មានកំហុសទេ ព្រោះពួកគេសម្តែង និងស្លៀកពាក់ទៅតាមអ្នករៀបចំកំណត់ បើមិនពួកគេមិនធ្វើតាម អ្នករៀបចំថាមិនត្រូវស្តង់ដារប្រកួតប្រជែង។
ជុំវិញរឿងនេះ ក្រោយមានការលើកឡើងពីនាយករដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នឹងជួបប្រជុំជាមួយក្រុមហ៊ុន មហាហង្ស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ដើម្បីពិនិត្យលើកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា Miss Grand Cambodia ដែលរងការរិះគន់នេះ។ នេះបើតាមការបញ្ជាក់ពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។
លោកស្រីរដ្ឋមន្ត្រីថា «លោកស្រីនឹងដឹកនាំកិច្ចប្រជុំថ្ងៃស្អែកនេះ ដោយមានការចូលរួមពីខាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងពីខាងក្រុមហ៊ុន មហាហង្ស ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា»។
សូមជម្រាបថា កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ គេបានឃើញអ្នករៀបកម្មវិធី និងជាម្ចាស់ផលិតកម្មមហាហង្ស បានចេញលិខិតសុំទោសជាសាធារណ នូវរាល់កំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តិ និងបានសម្ដែងការសោកស្ដាយ នូវកំហុសឆ្គងដោយអចេតនានេះ នៅចំពោះមុខមហាជន ទស្សនិកជន ហើយសន្យាថា នឹងធ្វើការកែតម្រូវឲ្យបានល្អប្រសើរឡើងវិញ។ នៅក្នុងលិខិតសុំទោសនោះ លោក អ៊ីន សុភិន ក៏បានសម្រេចកាត់ឈុត ដែលទទួលរងនូវការរិះ.គន់នេះចោលផងដែរ៕

