សិល្បៈ
តាគល់ទោះបីជាមានតារាស្រករក្រោយរីកដុះដាលជាច្រើនក្តី តែតារាចម្រៀង ម៉េង កែវពេជ្ជតា នៅតែជាតារាចម្រៀងដែលមានសំឡេងពីរោះរណ្តំនៅក្នុងដួងចិត្តទស្សនិកជនជាច្រើន ហើយ ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានសម្តែងការសាទរក្រោយឃើញតារាចម្រៀង ម៉េង កែវពេជ្ជតា បង្ហាញមុខគូស្នេហ៍ជាចំហលើបណ្តាញសង្គម ។
ដ្បិតភ្ជាប់ស្នេហ៍ជាមួយបុរសខ្មែររស់នៅស្រុកបារាំងមួយរយៈក្តី តែអ្នកនាង ម៉េង កែវពេជ្ជតា កម្របង្ហាញមុខមាត់របស់ដៃគូណាស់ តែនេះជាលើកដំបូងដែលគេបានឃើញអ្នកនាងបង្ហាញ រូបភាពម្ចាស់ចិត្តជាមួយកូនប្រុសស្រីរួមនឹងសារអមជាមួយថា«ក្តីសុខរបស់ខ្ញុំគឺពេលឃើញស្នាមញញឹមរបស់ពួកគាត់ទាំង៣នាក់ »។សារខ្លីតែហាក់បង្ហាញពីភាពកក់ក្តៅរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលរួមត្រេកអរនឹងជូនពរដល់ជីវិតគូររបស់ អ្នកនាងគ្រប់គ្នា ។
ក្នុងរយៈពេលនេះដែរអ្នកនាង ម៉េង កែវពេជ្ជតា កំពុងស្ថិតនៅក្នុងទឹកដីនៃប្រទេសបារាំងដោយ អ្នកនាងបានចែករំលែករូបភាពដ៏ស្រស់ស្អាតជាច្រើនក្នុងដំណើរកម្សាន្តជុំកូនប្រុសស្រីនៅទីនោះដែលឃើញហើយពិតជាមានក្តីសុខជាខ្លាំង ។ បើតាមរូបភាពគេសម្គាល់ឃើញថាម្ចាស់ ចិត្តរបស់អ្នកនាង ម៉េង កែវពេជ្ជតា មានវ័យប្រមាណជាង ៥០ឆ្នាំដែលមើលទៅស័ក្តិសម ជាមួយអ្នកនាង តែម្តងប៉ុន្តែយ៉ាងណាគេហាក់មិនទាន់ឃើញម្ចាស់បទ «មនុស្សដំបូង» រូបនេះ មានបំណងនឹងរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរឬបែបណាទេ ។
គួរបញ្ជាក់ថាអ្នកនាង ម៉េង កែវពេជ្ជតា បានចែកផ្លូវជាមួយលោកឧត្តមសេនីយ៍ មួង ឃីម តាមអំណាច សាលក្រមតុលាការអស់រយៈពេលប្រមាណជាង ១២ឆ្នាំមកហើយដោយបន្សល់នូវ កូនប្រុសស្រីចំនួនពីររូបដែលកំពុងរស់នៅក្រោមការមើលថែរក្សាពីសំណាក់អ្នកនាងជាម្តាយ តែយ៉ាងណាសព្វថ្ងៃកូនប្រុសរបស់អ្នកនាងបានចាកចេញទៅបន្តការសិក្សានៅប្រទេសបារាំងហើយ ៕