ខេត្តក្រចេះ៖ ឧប្បត្តិហេតុទឹកហូរគួចរថយន្ត១គ្រឿងមានមនុស្ស ៤នាក់ធ្លាក់ចូលទៅក្នុងទឹកកាលពីវេលាម៉ោង០០: ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២២ នៅចំណុចទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បណ្ដាលឱ្យ៣នាក់រងរបួស និងម្នាក់ទៀតបាត់ខ្លួន។
នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានផឹកស្រានៅផ្ទះ លុះយប់បន្តិច ក៏នាំគ្នាទៅច្រៀង KTV ដោយបើករថយន្តកាត់ទំនប់ទឹកបង្ហៀរ”ថ្ពង ”ប៉ុន្តែទឹកមិនទាន់ហូរខ្លាំងទេ ជាមួយគ្នានោះ ភ្លៀងបានបន្តធ្លាក់ឥតឈប់ បណ្ដាលឱ្យទឹកទំនប់បង្ហៀរ”ថ្ពង”ចាល់ឡើងនឹងហូរខ្លាំង។ រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះបានបើករថយន្តចេញពី KTV ក្នុងបំណងមកផ្ទះរបស់ខ្លួន។ លុះដល់ចំណុចកើតហេតុ ស្រាប់តែទឹកហូរប៉ើងរថយន្ត ធ្លាក់ពីលើទំនប់លិចបាត់តែម្ដង។
ជនរងគ្រោះមានគ្នា៤នាក់ ៖
ទី១/.ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(ជាអ្នកបើកបរ)រងរបួសស្រាល។
២/.ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ)រងរបួសស្រាល។
៣/.ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល។ ទាំង៣នាក់ខាងលើបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
៤/.ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ កំពុងបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។
ដោយក្នុងពេលនោះជនរងគ្រោះ បីនាក់ បានដោះខ្លួនចេញរួច ខណៈម្នាក់ទៀតឈ្មោះ ទិត្យ មេសា លិចទៅជាមួយរថយន្ត លុះដល់ព្រឹកឡើង សមត្ថកិច្ចពលរដ្ឋរួម និងក្រុមគ្រួសារ រករថយន្តឃើញ និងស្ទូចឡើងគោកផងដែរ ដោយឡែកជនរងគ្រោះឈ្មោះ ទិត្យ មេសា សមត្ថកិច្ចជំនាញនិងសាច់ញាតិកំពុងស្វែងរកសព៕