header ads

Sponsor

សៀមរាប៖ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ  របស់លោក ខឹម វាសនា ប្រចាំខេត្តសៀមរាប បានដាក់លិខិតទៅកាន់អាជ្ញាធរខេត្តសៀមរាប ពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួននឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២។

យោងតាមលិខិតរបស់គណបក្សLDP ប្រចាំខេត្តសៀមរាប គោរពជូនអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុង បរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះការជួបជុំនេះ គណបក្សបានសហការ យ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែងដើម្បីជ្រាបជាដំណឹង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងបានអនុញ្ញាតឱ្យសមត្ថកិច្ចអាចចេញចូលដើម្បីត្រួតពិនិត្យក្នុងបរិវេណទី តាំងជួបជុំរាល់ពេលវេលា។ សម្រាប់ការជួបជុំនេះ គណបក្សបានរៀបចំរក្សាសណ្តាប់ធ្នាប់យ៉ាងមានរបៀបរៀបរយ ហើយរក្សាអនាម័យបានល្អ និងបានអនុវត្តតាមវិធានការចុងក្រោយរបស់ក្រសួងសុខាភិបាលអំពីការការពារពីការឆ្លង ជំងឺកូវីដ-១៩។

លិខិតដដែលបានឱ្យដឹងថា ចំពោះសំណង់នានាក្នុងបរិវេណចម្ការដែលជាកម្មសិទ្ធិស្របច្បាប់ គ្រាន់តែជាសំណង់ស្រាល សម្រាប់ សម្រាកក្នុងរយៈពេលខ្លី ពុំមែនជាសំណង់រឹងមាំឡើយ ហើយរយៈពេលនៃការជួបជុំរបស់គណបក្សក្នុងបរិវេណចម្ការ នេះ បានបញ្ជាក់ច្បាស់លាស់ក្នុងលិខិតជូនដំណឹងទៅរដ្ឋបាលឃុំតែងរួចរាល់ហើយ គឺនឹងបញ្ចប់នៅដំណាច់ខ កញ្ញា ឆ្នាំ២០២២។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយស្របច្បាប់ មានប្រកាសទទួល ស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ដូច្នេះការជួបជុំសមាជិករបស់គណបក្សដែលបានធ្វើមកនេះ ពុំមានអ្វីដែលផ្ទុយនឹង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឡើយ។

បើទោះបីជាមានលិខិតជូនដំណឹងនេះក្តី អាជ្ញាធរខេត្តសៀមរាប នៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយនោះទេ ប៉ុន្តែនៅរសៀលថ្ងៃទី៣០ខែសីហានេះ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា រហូតមកដល់រសៀលថ្ងៃទី៣០ខែសីហានេះ លោកនៅមិនទាន់ឃើញក្រុមប្រជាពលរដ្ឋ ដែលមកជួបជុំគ្នានោះ បានរុះរើដើម្បីរំសាយ ឬក៏មានបំណងចាកចេញពីកន្លែងជួបប្រជុំនៅឡើយទេ។

លោកថាអាជ្ញាធរស្រុកបន្ទាយស្រី បានដាក់បញ្ជាយ៉ាងតឹងតែងនៅរសៀលថ្ងៃនេះ ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកលក់ដូរ ចំណីអាហារឬក៏របស់របរប្រើប្រាស់ទាំងឡាយអាចចូលទៅលក់ ដែលជាហេតុអាចនាំឱ្យទ្រង់ទ្រាយនៃការជួបប្រជុំនោះ កាន់តែរីកធំនោះទេ។

ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ផ្តើមរឹតបន្ដិចចរាចរណ៍របស់ពលរដ្ឋចូលទៅដីចម្ការរបស់លោក ខឹម វាសនា មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅពេលដែលឱសានវាទជួបជុំត្រូវបានអាជ្ញាធរកំណត់ ឱ្យបញ្ចប់នៅម៉ោង១២យប់ ថ្ងៃទី៣០ ខែសីហានេះ។

ជាមួយវិធានការរឹតបន្តឹងនេះ សមត្ថកិច្ច បានដាក់បារ៉ាស់នៅច្រកសំខាន់ៗចំនួន ៥កន្លែង ច្រកចូលទៅចម្ការរបស់លោក ខឹម វាសនា ដែលស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បារ៉ាស់នៅភូមិតានី ឃុំរុនតាឯក អាជ្ញាធរហាមមិនឱ្យពលរដ្ឋមានម៉ូតូ និងរថយន្តជាដើមនោះ ចូលទៅតាមផ្លូវឆ្ពោះទៅគោលដៅចម្ការលោក ខឹម វាសនា ទេ ដោយបារម្ភមានការជួបជុំបន្ថែមទៀត។

ក្រៅពីការហាមចូលនេះ គេសង្កេតឃើញថា អ្នកដែលស្នាក់នៅចម្ការមួយរយៈនេះ បានចាកចេញពីចម្ការជំរំរបស់មេបក្ស LDP ផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ នៅជុំវិញចម្ការរបស់លោក ខឹម វាសនា សមត្ថកិច្ចនៅតាមអង្កេតសកម្មភាពពួកគេមិនដាច់ ហើយអ្នកលក់ដូរក៏ត្រូវបានហាមមិនឱ្យលក់តាមផ្លូវសាធារណបន្តទៀតដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post