
សិល្បៈ
រហូតមកដល់ពេលនេះរយៈពេលបួនឆ្នាំហើយដែលលោក គ្រី ថៃពៅ បានក្លាយជាតារា ចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្មហង្សមាសក្រោយបានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកCambodian idol រដូវកាលទីបី ប៉ុន្តែគួរឱ្យស្តាយ ប្រជាប្រិយភាពរបស់លោកហាក់នៅមានកម្រិតរហូតមានមហាជនមួយចំនួនបានលើកឡើងថាស្ទើរភ្លេចមុខម្ចាស់ពានរដូវកាលទីបីបាត់ហើយ ។
កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោករដូវកាលទីបួនបានបញ្ចប់ដោយរលូនហើយមហាជនក៏បានចូលរួមគាំទ្រចំពោះម្ចាស់ពានរដូវកាលថ្មីកម្លោះតូច លីម តិចម៉េង យ៉ាងច្រើនរហូតមាន ការលើកឡើងថារដូវកាលទីបួននេះផ្ទុះខ្លាំងមិនធម្មតាឡើយ ប៉ុន្តែថ្មីៗនេះលោក គ្រី ថៃពៅ ដែលជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសនឹងធ្លាប់ជាម្ចាស់ពាន Cambodian idol រដូវកាលទីបីនោះបានបង្ហាញភាពត្អូញត្អែរបង្កប់ដោយការអាក់អន់ស្រពន់ចិត្តខណៈលោកមិនមានបទចម្រៀងថ្មីៗបម្រើអារម្មណ៍អ្នកស្តាប់ ។
លោក គ្រី ថៃពៅ បានបង្ហោះសារត្អូញត្អែរថា«ពុកម៉ែបងប្អូនអ៊ុំពូមីងរួមទាំងហ្វេនៗរបស់ខ្ញុំប្រហែលជាកំពុងរងចាំស្តាប់បទចម្រៀងរបស់ខ្ញុំតែ.ចំពោះរឿងនេះខ្ញុំមិនចង់បកស្រាយអ្វីច្រើនទេគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចចេញបទចម្រៀងពីរោះៗជូនបងប្អូនស្តាប់កម្សាន្ត អគុណសម្រាប់ក្តីស្រលាញ់អ្នកគ្រប់គ្នា »។ នេះជាលើកដំបូងដែលតារាចម្រៀងរូបនេះបាន បង្ហោះសារជាចំហលើបណ្តាញសង្គមបែបនេះខណៈចុងក្រោយនេះលោកមិនមានបទចម្រៀងថ្មីឡើយ។
ជាមួយនឹងការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក គ្រី ថៃពៅ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការអាណិតអាសូរព្រោះលោកមានតែពានក្នុងដៃតែមិនមានបទចម្រៀងថ្មីៗស្ទើរនិយាយថាប្រជាប្រិយភាពចាញ់អ្នកមិនបានកាន់ពានផង។ឯខ្លះទៀតបានផ្តល់ជាគំនិតថា«គួរតែចេះសម្តែងឬរៀនបន្ថែមផ្នែកនិពន្ធ និងភ្លេងដោយខ្លួនឯងបើចេះច្រៀងតែមួយមុខមិនល្បីនោះទេ»តែអ្វីដែលមិនគួរឱ្យជឿនោះមហាជនមួយចំនួនបែរជាលើកឡើងថា ភ្លេចមុខ ម្ចាស់ពានដូវកាលទីបីហើយ ប៉ុន្តែក៏មានហ្វេនៗ ជាច្រើននៅតែបន្តលើកទឹកចិត្តនិងគាំទ្រលោក គ្រី ថៃពៅ ព្រោះលោកក៏តារាដែលមានសមត្ថភាពម្នាក់ដែរ។
បើគិតមកដល់ពេលនេះរយៈពេលបួនឆ្នាំហើយដែលលោក គ្រី ថៃពៅ បានក្លាយជាតារា ចម្រៀងប្រចាំផលិតកម្មហង្សមាសប៉ុន្តែប្រជាប្រិយភាពហាក់នៅមានកម្រិត ហើយបទចម្រៀង ទៀតសោតក៏មិនសូវផ្ទុះខ្លាំងប៉ុន្មានដែរ ។កន្លងមកបទចម្រៀង ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនមានតែមួយបទគត់គឺបទ«ស្រឡាញ់គេហើយមែនទេ»ដែលចេញកាលពីបីឆ្នាំមុន ។
លោក គ្រី ថៃពៅ គឺជាកូនអ្នកខេត្តកំពង់ចាម លោកទទួលបានជ័យលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol នៅក្នុងឆ្នាំ ២០១៨ ។ ក្រៅពីអាជីពចម្រៀងលោក គ្រី ថៃពៅ ក៏មានរបរផ្ទាល់ខ្លួនគឺជំនួញអចលនទ្រព្យដោយបោះទុនរួមគ្នាជាមួយតារាចម្រៀង ថែល ថៃ និង លោក នៅ ស៊ីនឿន៕






