
សង្គម
(សៀមរាប)៖ កាលពីអាធ្រាតឈានចូលថ្ងៃទី ០៣ ខែកញ្ញានេះ បើតាមការសាកសួររបស់លោក ប៉ាន់ ខេមប៊ុនធឿន ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានឪពុកម្តាយពីរគ្រួសារ បានទៅរង់ចាំកូនដាច់បាយក្រហាយ និងយំអង្វរឱ្យកូនដែលជាពលករមកពីកូរ៉េនោះ នាំគ្នាចាកចេញពីចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រឡប់ទៅផ្ទះវិញ កុំបន្តងប់ងុលចាញ់បោកការឃោសនាអកុសលរបស់លោក ខឹម វាសនា និងបក្ខពួក។
ពលរដ្ឋពីរគ្រួសារនេះ ជាអ្នកនៅស្រុកបាធាយ ខេត្តកំពង់ចាម ពួកគាត់បានរៀបរាប់ឱ្យដឹងថា កូនៗរបស់គាត់ជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ហើយត្រឡប់មកពីកូរ៉េកាលពីថ្មីៗនេះ ដើម្បីគេចចេញពីគ្រោះទឹកលិចពិភពលោក តាមការឃោសនារបស់ ខឹម វាសនា និងបក្ខពួក។
ពួកគាត់បានឱ្យដឹងថា ពេលត្រឡប់មកពីកូរ៉េ កូនៗរបស់ពួកគាត់បាននាំគ្នាទៅនៅចម្ការលោក ខឹម វាសនា តែម្តង ដោយមិនបានចូលផ្ទះនោះទេ។ កូនៗ ក៏បានហៅពួកគាត់ជាឪពុកម្តាយឱ្យទៅជាមួយផងដែរ តែពួកគាត់មិនបានទៅនោះឡើយ ព្រោះពួកគាត់មិនជឿនូវអ្វីដែលជាការឃោសនារបស់ ខឹម វាសនា និងបក្ខពួកនោះទេ។
ទឹកចិត្តដែលស្រឡាញ់កូន ឪពុកម្តាយពីរគ្រួសារ សុខចិត្តអត់បាយក្រហាយទឹក មិនដេកពួនរង់ចាំកូនៗរបស់ខ្លួន។ ជាមួយទឹកភ្នែកហូរសស្រាក់ឪពុកម្តាយទាំងពីរគ្រួសារ បានអំពាវនាវឱ្យកូនៗចាកចេញពីចម្ការត្រឡប់ទៅផ្ទះវិញ។
ឪពុកម្តាយទាំងពីរគ្រួសារ ក៏បានអំពាវនាវដល់សមត្ថកិច្ចជួយដល់កូនៗរបស់ពួកគាត់ និងអំពាវនាវដល់ ខឹម វាសនា និងបក្ខពួក បញ្ឈប់ការឃោសនា និងដោះលែងកូនៗរបស់ពួកគាត់ឱ្យត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាច្រើនកំពុងសម្ងំនៅក្នុងចម្ការរបស់ ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនមែនមានតែពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាមពីរគ្រួសារនេះទេ នៅមានប្រជាពលរដ្ឋជាច្រើនរូបទៀត បានស្វែងរក និងរង់ចាំកូនៗ ស្វាមីភរិយា និងសាច់ញាតិ ចាកចេញពីចម្ការរបស់ ខឹម វាសនា៕



