សង្គម
អាម៉ាប៉ាប៉ាញ៉ូស(ភ្នំពេញ)៖ ពលរដ្ឋម្នាក់បានបង្ហោះវីដេអូមួយ ក្រោយពីមានបុរសពីរនាក់ដែលអះអាងថាមកពីសង្កាត់ ច្រាំងចំរេះទី២ បានមកបិទមាត់លូនៅមុខផ្ទះខ្លួន ធ្វើឱ្យមានការចែករំលែកយ៉ាងច្រើនកុះករ ដែលករណីនេះទើបតែឃើញលើកដំបូង ខណៈបញ្ហាស្ទះទឹកហូរមិនទាន់នៅតែកើតមានឡើង។
គណនីហ្វេបុកឈ្មោះ ចន្ថា យឹម បានបង្ហោះលើកឡើងថា៖«ហេតុអីឡានធំៗមិនស្រុតលូ បែរជាមកបិទនឹងទឹកហូរ ទីតាំងក្រោយផ្សារគីឡូម៉ែត្រលេខ៧ច្រាំងចំរេះ២»។
តាមរយៈវីដេអូ ម្ចាស់គណនីខាងលើ បាននិយាយរៀបរាប់ទៀតថា ផ្លូវប្រព័ន្ធបង្ហូរលូនេះស្រុតជាយូរណាស់មកហើយ ក៏ប៉ុន្តែក៏មានការហាមស្ត្រីជាម្ចាស់ផ្ទះមិនឱ្យចាក់ទឹកពីលើឡើយ រហូតឈានដល់ចាត់មនុស្សឱ្យមកចាក់ស៊ីម៉ង់ត៍ ដើម្បីបិទគំរបលូនេះតែម្តង។
ទោះជាយ៉ាងណាមហាជនជាច្រើនសម្តែងការងឿងឆ្ងល់ ព្រមទាំងហួសចិត្តជាខ្លាំង ចំពោះសកម្មភាពបែបនេះ និងសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានចុះមកពិនិត្យផងដែរ។
ពាក់ព័ន្ធទៅនឹងរឿងនេះ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមមតិដឹកនាំរបស់លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានចាត់ឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់ ដឹកនាំមន្ត្រីសង្កាត់ មេភូមិ ចុះពិនិត្យនឹងដាប់ប្រហោងលូដើម្បីបង្ហូរទឹកវិញ ដែលទីតាំងស្ថិតនៅក្រោយផ្សារច្រាំងចំរេះ ក្រុម៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕