
សង្គម
(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្ដរស័ក្ដិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសចូលកាន់តំណែងនេះ គឺលោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា ហើយជាមួយគ្នានេះក៏ត្រូវបានតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី ក្នុងឱកាសនេះផងដែរ។
លោក រ័ត្ន ចាន់ណា មុនឡើងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ គឺលោកជាមេបញ្ជាការរង ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ចេញប្រកាសតែងតាំង ជំនួសលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដែលបច្ចុប្បន្នត្រូវបានតែងតាំងជាសមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ដ្រយោធា ថ្នាក់អគ្គបញ្ជាការ។
លោក រ័ត្ន ចាន់ណា ក៏ត្រូវបានគេស្គាល់ថា ជាបុគ្គលម្នាក់ដែលឧស្សាហ៍ ហើយតស៊ូព្យាយាមតាំងតែពីជីវិតជាអ្នករត់តាក់ស៊ី រហូតអាចចូលបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខលេខ៧០១ ហើយរហូតទទួលបានការតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ តាំងពីឆ្នាំ២០១៥ និងបច្ចុប្បន្នជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំតែម្ដង៕







