
សិល្បៈ
គ្រាន់តែជំ.ងឺកូ.វីដ ១៩រាងស្ងប់បន្តិចគេចាប់អារម្មណ៍ឃើញថាសិល្បករការិនីជាច្រើនបាននាំគ្នា ចេញទៅកម្សាន្តនៅក្រៅប្រទេសមិនថាប្រទេសជិតខាង ឬប្រទេសប៉ែកអឺរ៉ុបនោះទេ។ អ្វីដែលចាប់អារម្មណ៍ងាកមកតារាកំប្លែងជើងចាស់អ្នកនាង កាឆយ ឯណេះវិញពិតជាមិនអន់ប៉ុន្មាន ឡើយដោយថ្មីៗនេះអ្នកនាងបានបណ្តើរស្វាមីទៅលំហែនៅប្រទេសបារាំងយ៉ាងឡូយឆាយ ឃើញហើយពិតជាមានក្តីសុខតែម្តង ។
អ្នកនាង កាឆយ ត្រូវបានគេស្គាល់ថាជាកូនស្រីរបស់តារាកំប្លែងលោកតា សង់ស៊ីស ដែលអ្នកនាងជាតារាកំប្លែងដែលមានឈ្មោះបោះសំឡេងម្នាក់នៅក្នុងប្រទេសកម្ពុជាដែលគិតមកដល់ពេលនេះអ្នកនាងបានចាប់អាជីពកំប្លែងមិនតិចជាង ២០ឆ្នាំនោះទេ ។ ទោះមានតារាកំប្លែងស្រករក្រោយរីកដុះដាលក្តី តែអ្នកនាង កាឆយ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន ។ ក្នុងនាមជាតារាកំប្លែងដែលមានប្រជាប្រិយភាពអ្នកនាង កាឆយ ក៏មានជីវិតរស់នៅហ៊ឺហាមិនធម្មតាដែរ ។ យ៉ាងណាមិញគ្រាន់តែជំងឺកូវីដស្ងាត់បន្តិច អ្នកនាង និងស្វាមីបានបណ្តើរគ្នាទៅលេងនៅប្រទេសបារាំងយ៉ាងរំភើយដូចគូស្នេហ៍ទើបរៀបការរួច ។
ថ្មីៗនេះ អ្នកនាង កាឆយ បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយស្វាមីនៅទឹកដីប្រទេស បារាំងដែលធ្វើឱ្យមិត្តភក្តិមានការភ្ញាក់ផ្អើលគ្រប់គ្នា ។ក្នុងនោះតារាសម្បូរវោហាស៍រូបនេះបាន ឆ្លើយឆ្លងជាមួយអ្នកខមិនថា «ចាំកូននាំមកលេងមិនងាយទេ »។ជាមួយនឹងការសរសើរពីភាព ផ្អែមល្ហែមរបស់ប្តីប្រពន្ធតារាកំប្លែងរូបនេះក៏មានការជូនពរពីសំណាក់មិត្តភក្តិឱ្យដំណើរកម្សាន្តនៅក្នុងប្រទេសបារាំងរបស់អ្នកនាង កាឆយ ជួបតែសុខសុវត្ថិភាព ។
មានការលាន់មាត់ពីអ្នក គាំទ្រថាឃើញសំងំៗ តែអ្នកនាង កាឆយ ចាយជីវិតហ៊ឺហាមិនចាញ់អភិជនប៉ុន្មានឡើយ ។ ចុងក្រោយនេះគេសម្គាល់ឃើញតារាជាច្រើនបានជះប្រាក់ទៅកម្សាន្តនៅប្រទេសបារាំងដែលមានដូចជាពិធីការិនីរូបស្រស់ ណា សាឌី តារាចម្រៀង សុខ ស្រីនាង និង ស្រីពៅមុខឈើ ជាដើម ។
គេចាំបានថាកាលពីអំឡុងខែកុម្ភៈកន្លងទៅ អ្នកនាង កាឆយ បានរៀបចំពិធីខួបអាពាហ៍ពិពាហ៍គម្រប់២២ឆ្នាំ យ៉ាងអធិកអធមនៅគេហដ្ឋានដែលមានទីតាំងនៅបុរីពិភពថ្មីខណ្ឌពោធិសែន ជ័យដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈ និងភ្ញៀវកិត្តិយសជាអ្នកមានមុខមាត់នៅក្នុង សង្គមថែមទៀតផង ៕











