
សិល្បៈ
ក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធី Cambodian Idol មិនបានមួយចំអិនកំពិសផងពេលនេះកម្លោះ តូច លីម តិចម៉េង ក៏សម្រុកថតបទចម្រៀងផ្ទាល់ខ្លួនរួមទាំង MV ថែមទៀតផង។អ្វីដែលកត់ សម្គាល់ MVរបស់កម្លោះតូចរូបនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗដូចជា នាយ ក្រឹម នាយកុយ តារាសម្តែង សិទ្ធី នីកា និង ពេជ្រ ថៃ ជាដើម ។ ដោយសារតែបែបនេះហើយ ទើប អ្នកគាំទ្រមិនតិចទេរង់ចាំដោយ អន្ទះសារចង់ស្តាប់បទចម្រៀងក៏ដូចជា MV លីម តិចម៉េង។
សមត្ថភាពទឹកដមសំឡេងរួមផ្សំនិងចរិតរួសរាយ ក្រម៉ាច់ក្រម៉ើមផងនោះបានធ្វើឱ្យ លីម តិច ម៉េង កាន់តែមានសន្ទុះគាំទ្រខ្លាំង។ ជាក់ស្តែងនៅពេលលោកបង្ហាញមុខនៅក្នុងកម្មវិធីនានា គេឃើញមានមហាជនគាំទ្រនិងផ្តល់កម្លាំងចិត្តឱ្យលោកជាខ្លាំងហើយពេលនេះដែរ លីម តិច ម៉េង ក៏បានសម្រុកថតបទថ្មីៗរួមទាំង MV សម្រាប់អបអរឱកាសបុណ្យពិធីបុណ្យភ្ជុំបិណ្ឌដែល នឹងឈានចូលមកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។
អ្វីដែលកត់សម្គាល់ MV តារាចម្រៀងពន្លក ថ្មី រូបនេះប៉ះសុទ្ធតែតារាល្បីៗដែលមានដូចជា នាយក្រឹម នាយកុយ ពេជ្រ ថៃ និងស្រីស្អាត សិទ្ធី នីកា ដែលជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ ។
បើតាមការលើកឡើងរបស់ លីម តិចម៉េង បានឱ្យដឹងថាសព្វថ្ងៃលោកមានការងារមមាញឹកច្រើន។ ជាមួយនឹងការគាំទ្រមហាជនជាច្រើនជឿជាក់បទចម្រៀងថ្មីរបស់ កម្លោះតូចដែលមានប្រភពមកពីខេត្តកំពង់ចាមរូបនេះនឹងផ្ទុះខ្លាំងហើយក៏ជាឱកាសដែលត្រួសត្រាយប្រជាប្រិយភាពរបស់លោកឱ្យមានសន្ទុះថែមមួយកម្រិតទៀត។អ្នកគាំទ្រខ្លះសង្ឃឹម ថា លីម តិចម៉េង នឹងទទួលបានការជ្រោមជ្រែងពីសំណាក់ផលិតកម្មហង្សមាសកុំឱ្យដើរតាមគន្លងម្ចាស់ពានមុនៗបានតែដំបូងក្រោយមកដេកឱបពានរង់ចាំបទចម្រៀងថ្មីៗបម្រើអារម្មណ៍ទស្សនិកជន៕













