
សង្គម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ មានហេតុការណ៍នគរបាលចរាចរណ៍ ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។
អ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០ រៀលទេនៅក្នុងហោប៉ៅ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ។ ដំណោះស្រាយនេះ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។
ជុំវិញរឿងនេះ បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា ៖
«ខ្ញុំកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមឯកឧត្តមស្នងការ គាត់មិនដែលលើកលែងហើយក៏មិនដែលអនុគ្រោះឲ្យមន្ដ្រីអនុវត្តខុសរបៀបនេះឡើយ ឲ្យតែខុសយើងត្រូវអនុវត្តតាមវិន័យ ខុសយើងត្រូវតែដាក់ពិន័យ ប៉ុន្ដែបើមន្ដ្រីធ្វើល្អ យើងតែងតែមានការលើកសរសើរផ្ដល់ឋានន្ដរស័ក្ដិ និងតួនាទីជាដើម តែបើខុសយើងត្រូវតែអនុវត្តវិន័យកងកម្លាំង»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ដ្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យតែម្ដង។
