
សិល្បៈ
ទើបប្រឡូកក្នុងសិល្បៈរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែតារាសម្តែងវ័យក្មេង យ៉ា សុផាន់ម៉ៃ ត្រូវ បានគេចាត់ទុកជាតារាសម្តែងដែលមានសន្ទុះគាំទ្រខ្លាំងមិនធម្មតាពោល កញ្ញាក្តោបបានការសម្តែងរឿងជាច្រើនដោយក្នុងតំណែងជាតួឯកថែមទៀត។អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះកញ្ញា យ៉ា សុផាន់ម៉ៃ បានប្រកាសទទួលយកដៃគូស្នេហាមិនប្រកាន់ស្រី ឬប្រុសសំខាន់ស្រឡាញ់នាងស្មោះ។
រូបសម្រស់ផូរផង់រូមផ្សំជាមួយភាពប៉ិនប្រសព្វក្នុងការសម្តែងទៀតនោះបានធ្វើឱ្យតារាសម្តែង យ៉ា សុផាន់ ម៉ៃ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតកម្មជាច្រើន ។ ជាក់ស្តែងតារាវ័យក្មេងរូបនេះក្តោបបានការសម្តែងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ហើយរឿងដែលធ្វើឱ្យកញ្ញាទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគឺរឿង«សង្សារខ្ញុំ»ដែលកញ្ញាសម្តែងជាតួ ស្រឡាញ់ភេទដូចគ្នាជាមួយកញ្ញា កែវ ឡាវិញ ។
ដោយសារ តារាសម្តែង យ៉ា សុផាន់ម៉ៃ លេចមុខនៅក្នុងការសម្តែង រឿងស្រឡាញ់ភេទដូចគ្នាជាបន្តបន្ទាប់ ជាពិសេសការសម្តែងនៅក្នុងឈុតឆាកស្នេហាមើលទៅស័ក្តិសមដូច ពិតៗនោះបានធ្វើឱ្យមហាជនជាច្រើនដាក់ការសង្ស័យចំពោះជីវិតស្នេហាក្រៅឆាករបស់កញ្ញា។ដើម្បីឱ្យអស់ចម្ងល់ថ្មីៗនេះស្រីស្អាតរូបនេះបានទ-ម្លាយនៅក្នុងការសម្ភាសជាមួយសារព័ត៌មានមួយថា ចំពោះរឿងស្នេហានាងមិនប្រកាន់ ស្រី ឬប្រុសទេ សំខាន់រស់នៅជាមួយគ្នាបានជាមនុស្ស ស្រឡាញ់នាងជារូបនាងដោយស្មោះមើលថែទាំនឹងអាចផ្តល់អនាគតល្អដល់រូបនាងគ្រប់គ្រាន់ហើយ។
មូលហេតុ យ៉ា សុផាន់ម៉ៃ ជ្រើសយកក្តីស្រឡាញ់មិនប្រកាន់ភេទបែបនេះដោយសារកញ្ញា មើលឃើញថាពេលខ្លះមនុស្សប្រុសស្រឡាញ់ប្រុស ឬ ស្រីស្រឡាញ់ស្រីអាចរួមរស់ជាមួយគ្នា សាងសុភមង្គលបានយ៉ាងល្អ។ការលើកឡើងរបស់កញ្ញា យ៉ា សុផាន់ម៉ៃ បានធ្វើឱ្យមហាជនជាច្រើនបានបញ្ចេញមតិវែកញែកផ្សេងៗគ្នាដោយអ្នកខ្លះបានលើកឡើងថា«ជារឿងដែលខុសនឹងច្បាប់ធម្មជាតិមិនគាំទ្រទេ»«មិនគួរនិយាយរឿងបែបនេះជាចំហឡើយព្រោះជាគំរូអាក្រក់សម្រាប់ក្មេងជំនាន់ក្រោយ»«គ្មានអនាគតទេកូនកុំស្រឡាញ់ភេទដូចគ្នាអី »ប៉ុន្តែក៏មានមតិខ្លះបានលើកឡើងផ្ទុយទៅវិញថា«សម័យនេះហើយមិនគួររើសអើងការស្រឡាញ់ភេទដូចគ្នាទេ»«គាំទ្រអាយដល» «ភេទដូចគ្នាខ្លះរួមរស់ជាមួយគ្នាមានសុភមង្គលជាងអ្នកមានភេទផ្ទុយគ្នា ផង»។
ទោះបីជាមានការប្រកាសមិនប្រកាន់ភេទសម្រាប់ដៃគូស្នេហាក៏ពិតមែន តែពេលនេះ យ៉ា សុផាន់ម៉ៃ បានឱ្យដឹងថាកញ្ញាមិនទាន់មានអ្នកនៅក្នុងចិត្តនៅឡើយទេ ។ សព្វថ្ងៃ យ៉ា សុផាន់ម៉ៃ កំពុងលេចមុខនៅក្នុងរឿងដុំដែលមានចំណងជើងថា «ថ្ងៃនេះថ្ងៃស្អែកនៅតែស្រឡាញ់ដោយកញ្ញាសម្តែងជាតួស្រឡាញ់ភេទដូចគ្នាជាមួយតារាសម្តែងរូបស្រស់ ឈុំ ចានដារ៉ា៕








