
សង្គម
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយតារាចម្រៀងសំឡេងស្អកលោក ខេម បានចេញមុខសុំទោសចំពោះកាយវិការមិនសមរម្យមួយដែលលោកបានធ្វើចំពោះបងប្អូនខ្មែរដែលបានទៅទស្សនាការសម្តែងផ្ទាល់របស់លោកនៅប្រទេសកូរ៉េកន្លងមក ។
គេចាំបានថាកាលពីថ្ងៃទី ១៨ កន្លងទៅតារាចម្រៀងប្រចាំផលិតកម្មហា្គឡាក់ស៊ី ណាវ៉ាត្រា ដែលមានដូចជាលោក ខេម តន់ ចាន់សីម៉ា និងលោក វេហាស៍ដែលជាតារាចម្រៀងនៅ ផលិតកម្មសាន់ដេបានចេញសម្តែងនៅទីក្រុងអានសានប្រទេសកូរ៉េដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌនៅទីនោះ ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាមួយនឹងការទទួលបានការគាំទ្រពីសំណាក់ ពលករខ្មែរដែលរស់នៅទីនោះតារាចម្រៀង ខេម ក៏ត្រូវបានមហាជនរិះគន់មិនស្ទើរដែរ ក្រោយ លោកបានបង្ហាញនូវកាយវិការមិនសមទំនងដោយការយកដបទឹកដែលទទួលទានរួចទៅគប់លើអ្នកទស្សនា ។
ពាក់ព័ន្ធជាមួយរឿងនេះតារាចម្រៀងប្រចាំផលិតកម្មហា្គឡាក់ស៊ីណាវ៉ាត្រា រូបនេះបានចេញ មុខឡាយវីដេអូសុំទោសកាលពីថ្ងៃទី ២៦ម្សិលមិញក្នុងពេលដែលលោកកំពុងធ្វើម្ហូប។ លោក ខេម បានទទួលស្គាល់លោកពិតជាមានទង្វើមិនសមរម្យពិតមែនព្រោះពេលនោះលោកសប្បាយពេកហើយអាកាសក៏ក្តៅទៀតទើបលោកធ្វើបែបនេះ ប៉ុន្តែក្រោយពិចារណាមកគិតថាជាទង្វើមិនសមទេដោយសារបច្ចុប្បន្ននេះជាសម័យជំងឺកូវីដ។
ដូច្នេះលោកសុំទោសចំពោះបងប្អូន ដែលលោកបានធ្វើរឿងបែបនេះកាលពីថ្ងៃនោះហើយសុំឈប់ប្រកាន់លោកពិតជាសុំទោសដោយចិត្តស្មោះពិតមែន តែយ៉ាងណាលោក ខេម បានសង្កត់ធ្ងន់ថាប្រសិននៅបរទេសកាយវិការបែបនេះហាក់មិនមានអ្វីខុសទាស់ឡើយ ។
ជាមួយគ្នានោះដែរតារាចម្រៀង ខេម ក៏បានសុំចិត្តមហាជនជាអ្នកលេងបណ្តាញសង្គមទាំង អស់សុំបញ្ឈប់ការបញ្ចេញមតិបែបជេរប្រទេសនិងជាន់ពន្លិចព្រោះការរិះគន់ដោយពាក្យជេរទាំងអស់នោះហួសសម័យទៅហើយ។ ក្នុងនាមជាកូនខ្មែរគួរប្រើពាក្យដែលល្អៗហើយលោកក៏ ទទួលយកចំពោះមតិរិះគន់ក្នុងន័យកែលំអពីសំណាក់មហាជនដែរ ។ លោក ខេម នៅតែជាតារាចម្រៀងដែលមានប្រជាប្រិយភាពទាំងក្នុងនិងក្រៅប្រទេសហើយឆាប់ៗខាងមុខនេះលោកក៏គ្រោងនឹងចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកផងដែរ ៕








