
សិល្បៈ
ជឿជាក់ថាមហាជនពិតជានៅចាំបានអតីតស្រីស្អាតម្ចាស់ជ័យលាភីលេខមួយប្រចាំទូរទស្សន៍ស៊ីអិនកាលពី ១៧ឆ្នាំមុនគឺស្រីស្អាត អ៊ិន វល័ក្ខទេពី ដែលនៅតែស្រស់ស្អាតមិនប្រែប្រួលទៅតាមវ័យឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះស្រីស្អាតរូបនេះនៅតែបន្តជីវិតនៅលីវយ៉ាងរីករាយដដែល ។
ទោះបីបាត់មុខពីពិភពសិល្បៈ ច្រើនឆ្នាំក៏ពិតមែនតែ អ៊ិន វល័ក្ខទេពី នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ជាពិសេសចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាដែលមិនប្រែប្រួលទៅតាមវ័យ ។ នៅតែមានការសរសើរនឹងចង់ឱ្យអតីតស្រីស្អាតរូបនេះវិលចូលសិល្បៈវិញព្រោះរូបសម្បត្តិនៅតែស្អាតខ្ញង់មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ។ បើនិយាយពីមិត្តរួមជំនាន់ដែលចូលប្រឡងដំណាលកញ្ញាភាគច្រើន រៀបការមានស្វាមីនិងកូនប្រឡែងលេងស្ទើរគ្រប់គ្នាអស់ហើយដែលមានដូចជាអ្នកនាង នី មុល្លីកា ជាដើម តែដោយឡែកស្រីស្អាតរូបនេះនៅតែបន្តជីវិតនៅលីវយ៉ាងរំភើយ។
ត្បិតចាកចេញពីការងារសិល្បៈក៏ពិតមែនតែ អ៊ិន វល័ក្ខទេពី ដែលមានប្រភពមកពីខេត្តបន្ទាយ មានជ័យរូបនេះតែងលេចមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិមិនរំលងឡើយពេលខ្លះកញ្ញា ក៏បានចូលរួមនៅក្នុងកិច្ចការមនុស្សធម៌នានាផងដែរ ។
ជារឿយៗ អ៊ិន វល័ក្ខទេពី តែងចែករំលែករូបភាពស្អាតៗរបស់កញ្ញានៅតាមបណ្តាញសង្គមដែលធ្វើឱ្យហ្វេនៗដែលស្រឡាញ់ចូលចិត្តនៅតែសរសើរពីការប៉ិនប្រសព្វក្នុងការថែរក្សាសម្រស់ឱ្យនៅក្មេងស្អាតបែបនេះរបស់កញ្ញា ។
គេចាំបានថា អ៊ិន វល័ក្ខទេពី ចាប់ផ្តើមមានឈ្មោះបោះសំលេងខ្លាំងក្នុងសិល្បៈក្រោយកញ្ញាជាប់ជ័យលាភីស្រីស្អាតនៅក្នុងឆ្នាំ ២០០៥ តែគួរឱ្យស្តាយក្រោយពើបប្រទះរឿងអាស្រូវមកស្រីស្អាតរូបនេះក៏បាត់មុខពីសិល្បៈឈឹងតែម្តង ប៉ុន្តែក្រោយមកកញ្ញាក៏លេចមុខជាថ្មីនៅក្នុងការសម្តែងMV ជាបន្តបន្ទាប់ តែហាក់មិនជាប់លាប់ឡើយដោយភាគច្រើនអតីតស្រីស្អាតរូបនេះចំណាយពេលចេញទៅដើរលេងជាលក្ខណៈឯកជនយ៉ាងឡូយឆាយនៅប្រទេសអូស្ត្រាលីច្រើនជាង ៕










