
សិល្បៈ
ដ្បិតមិនបានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីCambodian Idol រដូវកាលទីបួនក៏ពិតមែន តែ កម្លោះសង្ហា ថុល សុភិទិ ក៏ទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់ហ្វេនៗជាច្រើន ដោយម្នាក់ៗរំពឹងថាថ្ងៃណាមួយលោកនឹងមានបទចម្រៀងផ្ទាល់ខ្លួន ។ មិនឱ្យអ្នកគាំទ្រខក បំណងបើតាមការបង្ហើបពីសំណាក់កម្លោះសង្ហារូបនេះបានឱ្យដឹងថាឆាប់ៗនេះលោកនឹងមានបទចម្រៀងផ្ទាល់ខ្លួនហើយ។
ដោយសារសមត្ថភាពរួមជាមួយរូបសម្រស់ស្រស់សង្ហារបស់ ថុល សុភិទិ បានធ្វើឱ្យលោកត្រូវបានគេចាត់ទុកជាបេក្ខភាពTOP4 ដែលមានប្រជាប្រិយភាពមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ជាក់ស្តែងនៅពេលលោកលេចមុខនៅក្នុងកម្មវិធីនានាតែងមានយុវវ័យគាំទ្រស្រឡាញ់ពេញចិត្តភ្លួកទឹកភ្លូកដីហើយក៏មានហ្វេនៗមិនតិចទេរំពឹងថាថ្ងៃណាមួយនឹងបានស្តាប់បទចម្រៀងផ្ទាល់ខ្លួនរបស់កម្លោះសង្ហារូបនេះ។
អ្វីដែលកត់សម្គាល់ថ្មីៗនេះ ថុល សុភិទិ បានបង្ហាញរូបភាពមួយសន្លឹករួមជាមួយគ្រូភ្លេងនៅក្នុងផលិតកម្មហង្សមាសដោយបញ្ជាក់ថា«ត្រៀមចេញបទថ្មីជាមួយលោកគ្រូភ្លេង (Mr Thea)»។ការលើកឡើងរបស់កម្លោះសង្ហារូបនេះបានធ្វើឱ្យប្រិយមិត្តជាអ្នកគាំទ្រមានការរីករាយនឹងរង់ចាំស្តាប់បទថ្មីរបស់អាយដលខ្លួនឆាប់ៗ។
ក្នុងនោះក៏មានការលើកឡើងថាបទចម្រៀងថ្មីរបស់ កម្លោះសង្ហា ថុល សុភិទិ ក៏ផ្ទុះខ្លាំងមិនចាញ់ម្ចាស់ពានប៉ុន្មានឡើយព្រោះគ្រូភ្លេងសុទ្ធតែជាអ្នក ដែលមានសមត្ថភាពមិនធម្មតា។
ក្រោយបញ្ចប់ការប្រឡងតារាចម្រៀងពន្លកថ្មី ថុល សុភិទិ កាន់តែមានហាងឆេងទាំងការ បង្ហាញមុខនៅក្នុងកម្មវិធីនានាក៏ដូចជាការថតស្ប៉តពាណិជ្ជកម្មសម្អាងការដែលដៃគូដ៏ស័ក្តិសមរបស់លោកគឺអ្នកមេម៉ាយចាយសម្រស់ ពេជ្រ សូលីកា ៕






