កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ចោរជនជាតិចិន០២នាក់គាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ត្រូវបានបញ្ជូនទៅតុលាការ។
កាលពីវេលាម៉ោងប្រមាណ០១និង៥៤នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី គាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ (ម៉ាស៊ីនកាត់ដែក) ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ជី ដាយមិន រួចធ្វើសកម្មភាព លួចគាស់ទូដែកយកប្រាក់ប្រមាណជាង ២៣ម៉ឺនដុល្លារ និងគ្រឿងអលង្ការពេជ្រមួយចំនួនទៀត ហើយជនសង្ស័យបាន គេចខ្លួនបាត់អស់។
ក្រោយពេលស្រាវជ្រាវស៊ើបអង្កេតអស់៣សប្តាហ៍ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ជាជនជាតិចិន ដែលមានឈ្មោះ៖
១-ឈ្មោះ LIU YANPING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
២-ឈ្មោះ LI ZHANWU ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ ជាងជួសជុលរថយន្ត ស្រុកកំណើត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ខុនដូរម្តុំស៊ូល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវរកឃើញជនសង្ស័យទាំង០២នាក់ បានរក្សាទុកនូវ ខ្សែកលោហធាតុ ពណ៌ស មានបណ្តោងដាំត្បូង០១ខ្សែ និងក្រវិលលោហធាតុ ពណ៌ស មានដាំត្បូងមួយគូ, ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងជុំវិញ ០១វង់, ចិញ្ចៀនលោហធាតុ ពណ៌ស មានដាំត្បូង ០១វង់ និងបណ្តោងខ្សែក ពណ៌ស មានដាំត្បូងចំនួន0១ ដែលគ្រឿងអលង្កាទាំងនេះ សុទ្ធតែត្រូវបានចំណាំថា ជាវត្ថុដែល ចោរលួចយកទៅកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក៏បានប្រគល់ជូនម្ចាស់ដើមវិញ) ក្រៅពីនេះ សមត្ថកិច្ចអាវុធហត្ថ បានចាប់យក វត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផ្សេងទៀត រួមមាន៖ រថយន្ត០១គ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AG-9838, ម៉ាស៊ីនកាត់ដែក០១គ្រឿង ពណ៌ក្រហម (ប៉ុស្តិ៍ផ្សារដែក), ដែកគាស់ចំនួន០២ដើម, ម៉ូទ័រកាត់ចំនួន០១ និងសម្ភារៈមួយចំនួនទៀត ក្នុងនោះមានទូរស័ព្ទ០១គ្រឿងរបស់ជនសង្ស័យ គឺមានរូបថតគ្រឿងអលង្កាមួយកញ្ចប់ធំ របស់ជនរងគ្រោះ ដែលនៅរកមិនទាន់ឃើញផងដែរ។
បើទោះបីជាមានវត្ថុតាងជាប់ខ្លួនច្រើនយ៉ាងនេះក៏ដោយ តែជនជាតិចិនទាំង០២នាក់នេះ នៅតែមិនព្រមសារភាពទទួល កំហុសដាច់ខាត ដោយបដិសេធថាខ្លួនមិនដឹងអ្វីទាំងអស់។ ចុងក្រោយសមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនទាំង០២នាក់ និងវត្ថុតាង ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់បានសម្រេច៕