
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីឃើញផលិតកម្ម Galaxy Navatra បានថតMV បទ ចម្រៀងសម្រាប់អបអររដូវភ្ជុំបិណ្ឌដែលនឹងឈានមកដល់នៅក្នុងឆាប់ៗនេះ ដោយក្នុងនោះ មាន ការបង្ហើបពីសំណាក់អ្នកធ្វើការនៅក្នុងផលិតកម្មនេះថាគ្រាន់តែ MVបទចម្រៀងនៅក្នុង រដូវភ្ជុំនេះ ចំណាយមនុស្សដល់ទៅជិត ៥០០នាក់ឯណេះឃើញថាទ្រង់ទ្រាយធំអស់ស្ទះតែម្តង ។
ធ្លាប់តែឃើញរឿងរបស់ប្រទេសឥណ្ឌាមានការចូលរួមសម្តែងពីមនុស្សជាច្រើន តែពេលនេះ ទស្សនិកជនពិតជាប្លែកភ្នែកប្លែកអារម្មណ៍ពេលឃើញការថតMV របស់ផលិតកម្ម Galaxy Navatra ដែលមានអ្នកចូលរួមរាំអមដល់ទៅជិត៥០០នាក់ឯណោះ។ មានលាន់មាត់ពីអ្នកគាំទ្រថា សម្រាប់ឆ្នាំនេះផលិតកម្មអ្នកឧកញ៉ាដឹងតែវ៉ាដាច់គេហើយ ។ ខ្លះថា Galaxy Navatra ផ្ទុះទៀតហើយភ្ជុំឆ្នាំនេះ។ មិនមែនជាលើកដំបូងទេជារឿយៗផលិតកម្ម Galaxy Navatra តែងបោះទុនរាប់សែន ដុល្លារ ចំណាយការថតMVឱ្យមានលក្ខណៈថ្មីតម្រូវតាមទីផ្សារបច្ចុប្បន្ន យ៉ាងណាមិញថ្មីៗនេះអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានចែករំលែករូបភាព នៅក្នុងការថតMVដែលមើលទៅពិតជាមានលក្ខណៈទ្រង់ទ្រាយធំតែម្តង ។
មិនទាន់មានការបង្ហើបពីចំណងជើងបទចម្រៀងនោះទេគេគ្រាន់តែដឹងថាបទថ្មីទំនងជាត្រៀមចេញសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ នេះ ដែលច្រៀង ដោយតួឯកប្រចាំផលិតកម្មគឺកញ្ញា តន់ ច័ន្ទសីម៉ា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ខេម រួមនឹងការចូលរួម សម្តែងពីសំណាក់ស្រីស្អាតជាច្រើនក្នុងឈុតប្រពៃណីខ្មែរមើលទៅពិតជាប្លែកភ្នែកជាខ្លាំង ។ដោយឡែកតារាចម្រៀងសំឡេងស្អកលោក ខេម ក៏រំពឹងថាមហាជននឹងគាំទ្របទ ចម្រៀងថ្មីៗរបស់ផលិត Galaxy Navatra នឹងត្រៀមចេញសម្រាប់អបអរពិធីភ្ជុំបិណ្ឌដែលនឹងមក ដល់នៅក្នុង ពេលដ៏ខ្លីខាងមុខនេះ។ សម្រាប់ការថតMVនេះគេបក៏បានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមដឹកនាំយ៉ាងសស្រាក់សស្រាំរួមជាមួយអ្នកជំនាញដែលជាគ្រូៗដែលមក ពី សាលាវិចិត្រសិល្បៈទៀតផង ៕