header ads

Sponsor

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឱ្យអស់ពីមូលដ្ឋាន និងធ្វើឱ្យដូចភ្លៀងរលឹម ឱ្យដូចអនុសាសន៍សម្តេចតេជោ ហ៊ុន សែន។

ការដាក់បទបញ្ជាដូចនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្នងការរងនរគបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានលើកឡើងថា «គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឱ្យដូចភ្លៀងរលឹម ដើម្បីលុបបំបាត់ឱ្យខាងតែបានចំពោះកុងស៊ីបញ្ចាំមិនស្របច្បាប់។ ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗ ត្រូវធ្វើរបាយការណ៍ជាប្រចាំទៅរដ្ឋបាលរាជធានីភ្នំពេញ។ »

លោកបានបន្ថែមទៀតថា៖ «កិច្ចការងារនេះពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឱ្យទទួលបានជោគជ័យក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ទាំងនេះ។ ទន្ទឹមនេះការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៊ីបញ្ចាំស្របច្បាប់។»

សូមជម្រាបជូនថា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី៣តុលា ឆ្នាំ២០២២ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់សរុបចំនួន ១៣៣៨ទីតាំង ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៊ីបញ្ចាំខុសច្បាប់សរុបចំនួន ៧៤ទីតាំង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post