
សង្គម
ថ្មីៗនេះនៅលើបណ្ដាញសង្គម អាចថាជាករណីថ្មីហើយកំពុងមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីមានការខូចរថយន្តនៅលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដោយតម្លៃអាចនឹងត្រូវចំណាយច្រើន ប្រសិនបើគោលដៅដែលត្រូវជួសជុលនៅឆ្ងាយ។
អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ អ្នកសារព័ត៌មានឱ្យដឹងនៅវេលារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះថា រូបគាត់ និងមិត្តភក្តិរួមក្រុមជាច្រើននាក់ទៀតហាក់មានអារម្មណ៍ស្រង៉ាកចិត្តបន្ទាប់ពីរថយន្តហាយលែនដឺដឹកអ្នកដំណើររបស់មិត្តរួមក្រុមខូចនៅលើផ្លូវល្បឿនលឿន ក្បែរច្រកចូលកាលពីវេលាព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ។
ទោះចង់ត្រឡប់ក្រោយក៏គេមិនអនុញ្ញាត និងបានទាក់ទងទៅកាន់ភ្នាក់ងារសណ្តោងរបស់ក្រុមហ៊ុននៃផ្លូវល្បឿនលឿនដើម្បីមកអូសយកទៅកន្លែងជួសជុល ត្រូវចំណាយសេវាដំបូងរហូតដល់១០០ដុល្លារ នេះមិនទាន់គិតថ្លៃអូសគុណគីឡូម៉ែត្របន្ថែមទៀតផង ដោយបុរសដដែលបានបញ្ជាក់ប្រាប់ថាចំពោះថ្លៃអូសគឺត្រូវគិតតម្លៃ ០.៣ដុល្លារបន្ថែមទៀតក្នុង១គីឡូម៉ែត្រ។
មានន័យថាពេលអ្នកបើកបរខូចឡានលើផ្លូវល្បឿនលឿនត្រូវការរថយន្តសណ្តោងគឺចាំបាច់ត្រូវតែបង់លុយ១០០ដុល្លារជាមុន ប្រសិនជាព្រមព្រៀងឱ្យអូសទៅ និងត្រូវគុណថ្លៃចំណាយបន្ថែមទៀតដោយយកតម្លៃ០.៣ដុល្លារ គុណនឹងចំនួនគីឡូម៉ែត្រដែលបានសណ្តោងរួចរាល់ចាប់ពីការលើស១០គីឡូម៉ែត្រ តម្លៃនេះគឺសម្រាប់ប្រភេទរថយន្តគ្រួសារ។ ជាមួយគ្នានោះក្រុមហ៊ុនមិនអនុញ្ញាតឱ្យរថយន្តអ្នកដំណើរផ្សេងទៀតជួយសណ្តោងឡើយ។
នៅក្នុងក្រុមជជែកពិភាក្សាពួកគេបានរអ៊ូរទាំថាតម្លៃនេះថ្លៃកប់ខ្លាំងណាស់ ព្រមទាំងបានស្នើរដល់មន្ត្រីពាក់ព័ន្ធមេត្តាជួយគិតគូរ និងសម្របសម្រួលឡើងវិញចំពោះបញ្ហាខាងលើ។ ពួកគេក៏បានផ្តាំផ្ញើដល់អ្នកដំណើរផ្សេងផងដែរ ដែលមានបំណងធ្វើដំណើរលើផ្លូវល្បឿនលឿន លៃយ៉ាងណាកុំឱ្យខូចរថយន្តនៅលើផ្លូវនេះ ព្រោះពេលដែលខូចច្បាស់ជាធ្ង.ន់កហើយ។



