
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងខណៈថ្មីៗនេះមានការទម្លាយពីសំណាក់អ្នកដឹកនាំរឿងដ៏ល្បីលោក ហ្វៃ សំអាង ថា Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមនឹងបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំរបស់លោក ។ អ្វីដែលចាប់អារម្មណ៍មិនមែនតែ Miss Grand Cambodia 2022 ម្នាក់នេះទេ នៅមានអតីត បរវកញ្ញាជាច្រើនរូបថែមទៀត ។
ខណៈMGC ពេជ្រ វត្តីសារ៉ាវឌ្ឍី តំណាងឱ្យប្រទេសកម្ពុជាកំពុងចូលរួមប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ីនោះលោក ហ្វៃ សំអាង បានលើកឡើងថាលោក បានផលិតរឿងខ្នាតធំមួយដែលមានចំណងជើងថា«អប្បរាមហាអង្គរ» ដោយមានការចូលរួម សម្តែងពីសំណាក់ ពេជ្រ វត្តីសារ៉ាវឌី្ឍ ផងដែរ ។
អ្នកដឹកនាំរឿងដ៏ល្បីរូបនេះបានរៀបរាប់ថា«ខ្ញុំ នឹងក្រុមការងារផលិតរឿង អប្សរាមហាអង្គរ របស់ផលិតកម្ម ហង្សមាស សូមជូនពរក្មួយស្រី ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងឱកាសទៅចូលរួមប្រកួតបវរកញ្ញាតំណាងប្រទេសកម្ពុជា នៅក្នុងប្រទេសឥណ្ឌូនេស៊ី សូមបានទទួលជោគជ័យ ពេលត្រលប់មកវិញត្រូវរួមការងារជាមួយគ្នា ក្នុងនាមតួអង្គនាង ឆោម ឆវី និងតួនាង ឆោម ឆផ្កា ។
ជ្រើសរើសយកក្មួយស្រីមកសម្ដែងតួអង្គនេះមុនពេលក្មួយចូលរួមប្រកួតបវរកញ្ញាទៅទៀត ។ ពិតជាភ្ញាក់ផ្អើលនៅពេលឃើញក្មួយចូលរួមប្រកួត ហើយទទួលបានតំណែងលេខ១ ក្នុងការប្រកួត។ អប្សរាមហាអង្គរ មានបវរកញ្ញាចំនួន៤ដួងចូលរួមសម្តែង តើមានបវរកញ្ញាណាខ្លះ រង់ចាំតាមដានទាំងអស់គ្នា»។ ការលើកឡើងរបស់លោក ហ្វៃ សំអាង បានធ្វើឱ្យមហាជន ដែលស្រឡាញ់ចូលចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី មានការពេញចិត្តជាខ្លាំងហើយរំពឹងថាខ្សែភាពយន្តខ្នាតធំមួយនេះពោរពេញទៅដោយទស្សនីយភាពល្អជាក់ជាមិនខាន ព្រោះថាលោក ហ្វៃ សំអាង គឺជាអ្នកដឹកនាំដែលមានទេពកោសល្យម្នាក់ហើយចំណងជើងរឿងទៀតសោតក៏គួរឱ្យចាប់អារម្មណ៍ ។
មួយវិញទៀតរឿងនេះក៏មានការចូលរួមសម្តែង ពីបវរកញ្ញាដល់ទៅបួនរូបផ្សេងទៀត ។ងាកមក ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងស្ថិតនៅប្រទេសឥណ្ឌូនេស៊ីឯណេះវិញត្រូវបានអ្នក គាំទ្រលាន់មាត់សរសើរពីភាពក្លាហាននិងជឿជាក់របស់កញ្ញាក្នុងការដើរម៉ូដ ជាពិសេសរាល់ម៉ូដ សម្លៀកបំពាក់មួយឈុតៗរបស់កញ្ញានៅក្នុងកម្មវិធីនីមួយៗពិតជាទាក់ទាញជាខ្លាំង ៕









