
សង្គម
នាយក្រូចត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ តែយ៉ាងណានាយមិនសូវបង្ហាញភាពស៊ីវីល័យឡូយឆាយអ្វីឡើយ។តារាកំប្លែងរូបនេះបាន ធ្វើឱ្យមហាជននិងមិត្តភក្តិ មានការភ្ញាក់ផ្អើលក្រោយពីដឹងថានាយកំពុងសាងសង់ផ្ទះវីឡានៅឯស្រុកកំណើត ដែលស្ថិតនៅខេត្តកំពង់ស្ពឺលើផ្ទៃដីដល់ទៅបួនហិចតាឯណោះ។
មិនមែន លំៗនោះទេពេលនេះភូមិគ្រឹះរបស់ នាយក្រូច បានចេញជារូបរាងហើយបើទោះ សាងសង់មិនទាន់រួច ១០០ភាគរយក្តី ។ ដោយសារទំហំដល់ទៅបួនហិចតាក្រៅពីសង់ភូមិគ្រឹះ នាយក្រូច ថានឹងសាងសង់ជាផ្ទះលំហែក៏ដូចជាដាំជាដំណាំហូបផ្លែនិងបន្លែផ្សេងបន្ថែមទៀត។
អ្វីដែលកត់សម្គាល់ផ្ទះរបស់នាយក្រូច ចាប់ផ្តើមសាងសង់កាលពីអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២១ កន្លងទៅ បើតាមគម្រោងផ្ទះនេះនឹងសាងសង់រួចរាល់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។តាមរយៈរូបភាពដែលលោកបានចែករំលែកគេឃើញមានអ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរពីភាពស្រស់ស្អាត របស់ភូមិគ្រឹះតារាកំប្លែងរូបនេះ។ ខ្លះលើកឡើងថាមើលទៅធំទូលាយគួរឱ្យចង់រស់នៅណាស់ ។ ក្រោយសាងសង់រួចរាល់ នាយក្រូច ក៏មានគ្រោងនឹងរៀបចំពិធី ឡើងភូមិគ្រឹះយ៉ាងអធិកអធម តែពុំទាន់បញ្ជាក់ពេលវលានៅឡើយទេ ។
បើតាមដឹងភូមិគ្រឺះមួយនេះមិនមែនជាផ្ទះដំបូងរបស់ នាយក្រូច នោះទេ កន្លងមក នាយក្រូច មានផ្ទះ នៅឯស្រុកកំណើតរបស់លោកនិងនៅជិតទូរទស្សន៍ស៊ីធីអិន ។ នាយធ្លាប់ប្រាប់ថា ទម្រាំបានដីដល់ទៅបួនហិចតានេះ នាយបានសន្សំប្រាក់ទិញដីម្តងបន្តិចៗដើម្បីសម្រេចបំណងព្រោះ ស្រឡាញ់ផ្ទះដែលមានដំណាំធម្មជាតិគ្រប់មុខ ។ក្នុងនោះក៏មានការសរសើរដល់ នាយក្រូច ដែលប្រឹងប្រែងតស៊ូរហូតមានថ្ងៃនេះ ។
មានការបង្ហើបថាដ្បិតមិនសូវនិយមសម្ញែង សម្ភារៈទំនើបៗតែ តារាកំប្លែងរូបនេះមានទ្រព្យសម្បត្តិក្នុងដៃច្រើនគួរសម ព្រោះក្រៅពីអាជីព កំប្លែងលោកក៏មានមុខរបរក្នុងដៃជាច្រើន ។
ក្រោយពីចាកចេញពីទ្រនំចាស់ស្ថានីយទូរទស្សន៍ស៊ីធីអិន តារាកំប្លែង នាយក្រូចរួមនឹងក្រុម កំប្លែងរបស់ខ្លួនត្រៀមនឹងបង្ហាញខ្លួននៅទ្រនំថ្មីទូរទស្សន៍ភីអិនអិន ដែលនឹងចាប់ផ្តើមប្រកាស ជាផ្លូវការនៅក្នុងពេលឆាប់នេះ៕










