
សង្គម
ទោះបីជាច្រានចោលទំនាក់ទំនងស្នេហាជាមួយកម្លោះសង្ហា ថុល សុភិទិ ក្តី ប៉ុន្តែ ពេជ្រ សូលីកា នៅតែបន្តទំនាក់ទំនងជាមួយគ្នាជាធម្មតារហូតថ្មីៗនេះអ្នកនាងថែមទាំងនិពន្ធបទ ចម្រៀងឱ្យតារាពន្លកថ្មីនេះថែមទៀតផង ។ អ្វីដែលចាប់អារម្មណ៍កាលពីថ្ងៃទី ០៦ កន្លងទៅ អ្នកទាំងពីរបានច្រៀងរួមគ្នានៅក្នុងក្លឹបល្បីមួយនៅទីក្រុងភ្នំពេញឃើញថាទទួលបានការគាំទ្រ ពីសំណាក់ហ្វេនៗជាច្រើន ដែលក្នុងនោះក៏មានអតីតស្វាមីរបស់អ្នកនាង ពេជ្រ សូលីកា ទៅចូលរួមដែរ ។
គេធ្លាប់តែឃើញ ពេជ្រ សូលីកា បង្ហាញវត្តមានជាមួយលោក ថុល សុភិទិ នៅក្នុងការថតស្ប៉តសម្អាងការ តែ នេះជាលើកដំបូងអ្នកទាំងពីរបានបង្ហើរសំនៀងរួមគ្នានៅក្នុងក្លឹបកម្សាន្ត មួយដោយថ្ងៃនោះពួកគេបានលើកយកបទចម្រៀង «ហេតុអ្វីយើងបែកគ្នា» មកច្រៀងថែម ទៀត ។ បើមើលតាមរូបភាពនិងកាយវិការ ពិតជាផ្អែមល្ហែមដូចគូស្នេហ៍ពិតៗបើទោះបីអ្នក ទាំងខុសជំនាន់បន្តិចក្តី ។
ការប៉ះគ្នារវាងអ្នកទាំងពីរហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់ យុវវ័យ តែអ្វីដែលចាប់អារម្មណ៍ មានគណនីយតិក តុកមួយបានទម្លាយថា អតីតស្វាមី លោក គីម ហាន ក៏បានទៅចូលរួមកម្មវិធីទស្សនាការច្រៀងរបស់ ពេជ្រ សូលីកា និង ថុល សុភិទិ ដែរ ។ ប្រភពនោះថែមទាំងនិយាយថាលោក បានរួមដំណើរជាមួយមនុស្សស្រី ទៀតផង។
ជាមួយគ្នានោះក៏មានការលើកឡើងពីសំណាក់ហ្វេន ហ្វេន ថាមិនមានអ្វីចម្លែកទេ ព្រោះថា ពេលនេះពួកគេសុទ្ធតែនៅលីវរៀងខ្លួន តែអ្វីដែលគួរឱ្យសរសើរក្រោយចែកផ្លូវគ្នាអ្នកទាំងពីរ នៅតែបន្តមើលមុខគ្នាចំជាធម្មតា ។ មួយវិញទៀត ពេជ្រ សូលីកានិង អតីត ស្វាមី នៅតែបន្ត មើលថែទាំនឹងផ្តល់ភាពកក់ក្តៅដល់កូនប្រុសតែមួយដូចមុនដដែលគ្រាន់តែពុំបានរួមរស់ក្រោយដំបូលរួមគ្នាតែប៉ុណ្ណោះ ។
ងាកមកតារាចម្រៀង ពេជ្រ សូលីកា ឯណេះវិញបើទោះស្ពាយងារជាអ្នកមេម៉ាយកូនមួយក្តី តែអ្នកនាងនៅតែមានសម្រស់ផូរផង់ហើយការតែងខ្លួនក៏កាន់តែទាន់សម័យមិនចាញ់តារា ស្រករក្រោយប៉ុន្មានទេ ។ ចុងក្រោយ ពេជ្រ សូលីកា ថែមទាំងបង្ហាញភាពស្និទ្ធស្នាលនឹង ចេញមុខជ្រោមជ្រែងតារាទើបនឹងរះលោក ថុល សុភិទិ ដោយការនិពន្ធបទចម្រៀងឱ្យទាំងដែលកន្លងមកគេមិនដែលថាអ្នកនាងចេញនិពន្ធបែបនេះឡើយ ។ នៅតែមានការសង្ស័យពីទំនាក់ទំនងខុសជំនាន់របស់អ្នកទាំងពីរពីសំណាក់ហ្វេន ហ្វេន ៕









