
សង្គម
នេះជាលើកដំបូងដែលតារាចម្រៀងសម្បុរស្រអែមស្រស់ លាង សុផាឡែន មានឱកាសបានសម្តែងជាតួឯកនៅក្នុងរឿងភាគស្ថានីយទូរទស្សន៍ហង្សមាសជាមួយតារាចម្រៀងរូបសង្ហាលោកហ្សូណូ ។ ជាមួយអារម្មណ៍រំភើប លាង សុផាឡែន រំពឹងថាទស្សនីយភាពថ្មីរបស់កញ្ញានឹងទទួលបានការគាំទ្របានការគាំទ្រពីសំណាក់មហាជន។
មិនចាញ់មិត្តភក្តិរួមទ្រនំប៉ុន្មានឡើយក្រោយក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លាង សុផាឡែន ក៏មានឱកាសគ្រងបានតំណែងជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍ «ជីវិតគូ» ជាលើកដំបូងដែលធ្វើឱ្យតារាចម្រៀង លាង សុផាឡែន រំភើបជាខ្លាំង ។
ដ្បិតធ្លាប់ចូលរួមសម្តែងMV រាប់ភ្លេចក៏ពិតមែន តែពេលមករួមសម្តែងនៅក្នុងរឿងភាគមួយនេះ លាង សុផាឡែន មានអារម្មណ៍ថាអៀន ហើយក្នុងនោះកញ្ញាក៏បានប្រាប់ថាបើការសម្តែងមានការខុសឆ្គងឬបែបណានោះសូមមេត្តាអធ្យាស្រ័យព្រោះជាលើកដំបូងសម្រាប់ការសម្តែងរឿង ភាគទូរទស្សន៍។
ជាមួយនឹងសមត្ថភាពថ្មីរបស់ លាង សុផាឡែន ក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេនហ្វេនដោយម្នាក់ៗបានសម្តែងការរីករាយហើយរំពឹងថាស្នាដៃថ្មីរបស់អាយដលខ្លួននឹងល្អមើលជាក់ជាមិនខាង ។
លាង សុផាឡែន ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងចំណោមតារាចម្រៀងស្រីប្រុសជាច្រើនដួងនៅក្នុងផលិតកម្មហង្សមាស ។ ខណៈគ្រងតំណែងជាតួឯកនោះគេចាប់អារម្មណ៍ឃើញថា លាង សុផាឡែន កាន់តែមានសម្រស់ស្អាតផូរផង់ខុស ប្លែកខ្លាំងជាងមុន ។ អ្វីដែលកត់សម្គាល់បើទោះមិត្តភក្តិក្នុងសិល្បៈបើកចំហពី ជីវិតឯកជនក៏ពិតមែន តែ លាង សុផាឡែន នៅតែស្ងប់ស្ងាត់នឹងបន្តរស់នៅក្នុង ជីវិតនៅលីវយ៉ាងរីករាយ ៕








