header ads

Sponsor

(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះថា កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូក បណ្តាលឱ្យស្លាប់កូនសិស្សចំនួន១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រាប់បណ្តាញព័ត៌មាន ដោយជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

ទី១៖ ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ
ទី២៖ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ
និងទី៣៖ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក។

លោកស្នងការខេត្តកណ្តាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេត ហើយឈានទៅដល់ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូកចំនួន៣ ដើម្បីឱ្យទទួលខុសត្រូវលើករណីនេះ ចាត់វិធានការផ្លូវច្បាប់ ហើយក៏ការជាព្រមានដល់ម្ចាស់ទូកដទៃទៀត ឱ្យមានស្មារតីប្រុងប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន»។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ថា ហេតុការណ៍លិចទូកដនេះ អាចកើតមកពីការខ្វះនូវការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសរបស់កម្លាំងនគរបាលខេត្ត ក៏ដូចជាកម្លាំងជំនាញក្រសួងមហាផ្ទៃ ដែលបានចុះមកពិនិត្យដោយផ្ទាល់ គឺបានរកឃើញថាទូកដឹកកូនសិស្សដែលលិចនេះ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខាងក្នុងបានពុក ជ័រទឹកក៏បានស្ងួតប្រេះ ដូច្នេះ មិនអាចមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្ម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post