
សង្គម
បើគិតមកដល់ពេលនេះរយៈពេលជិត ១០ឆ្នាំហើយដែលអតីតស្រីស្អាតប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអិន អ៊ិន វល័ក្ខទេពី បានវិលចូលសិល្បៈជាថ្មីដោយបានរួមការងារជាមួយអតីត ប្រុសស្អាតប្រចាំទូរទស្សន៍ស៊ីធីអិនលោក អ៊ុន សិទ្ធា។ ការត្រឡប់ចូលក្នុងវិស័យសិល្បៈរបស់ អតីតស្រីស្អាតរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ហើយខ្លះលាន់មាត់ថាបាត់មុខ យូរ តែ អ៊ិន វល័ក្ខទេពី នៅតែស្អាតនិងក្មេងមិនប្រែ ។
អ៊ិន វល័ក្ខទេពី បានបង្ហាញវត្តមានជាថ្មីនៅក្នុងការសម្តែងMVបទចម្រៀងរបស់លោក ទិត្យ វិច្ឆិកា ដែលមានចំណងជើងថា«លាស្រីសាវ៉ា»ដោយនាងសម្តែងជាមួយលោក អ៊ុន សិទ្ធា។ ជាមួយនឹងអារម្មណ៍រំំភើប ស្រីស្អាតរូបនេះបាននិយាយថាសប្បាយចិត្តខ្លាំងណាស់ដោយបាន វិលមកសម្តែងវិញជាពិសេសជាមួយលោក អ៊ុន សិទ្ធា ដែលខានធ្វើការរួមគ្នាប្រមាណជិត ១០ ឆ្នាំហើយដែរ ។
មួយវិញទៀតបទចម្រៀងមួយបទនេះនាងស្រឡាញ់ខ្លាំងថែមទៀតផង ។ អ៊ិន វល័ក្ខទេពី មិនទាន់ទម្លាយថាក្រៅពីបទចម្រៀងនេះនាងនឹងមានសកម្មភាពអ្វីជាបន្តទៀត ឡើយ ។
គ្រាន់តែឃើញរូបភាពខ្លះៗរបស់អតីតស្រីស្អាតប្រចាំទូរទស្សន៍ ស៊ីធីអិនរូបនេះអ្នកគាំទ្រជា ច្រើននៅតែសរសើរពីសម្រស់របស់នាងព្រោះថាមើលទៅនៅតែស្អាតបែបធម្មជាតិមិនប្រែប្រួលទេទោះអាយុ ច្រើនបន្តិចក្តី ។ ស្របពេលមិត្តរួមអាជីពមានគ្រួសារនឹងកូនទៅហើយក្តី តែ អ៊ិន វល័ក្ខទេពី នៅតែបន្តជីវិតនៅលីវយ៉ាងមានក្តីសុខ ។
គេចាំបានថា អ៊ិន វល័ក្ខទេពី គឺជា អតីតស្រីស្អាតឆ្នាំ ២០០៦ ដែលកាលណោះនាងមានប្រជាប្រិយភាពខ្ពស់នៅក្នុងអាជីពជាពិធីការិនី និងតារាសម្តែង តែគួរឱ្យស្តាយប៉ុន្មានឆ្នាំក្រោយមកនាងបានចាកចេញពីការងារនេះយ៉ាងស្ងប់ស្ងាត់ក្រោយ ពើបប្រទះរឿងអាស្រូវធ្ងន់ធ្ងរ៕










