
សង្គម
ជឿជាក់មហាជនពិតជាបានស្គាល់តារាពហុជំនាញ រ៉ូលីន ដែលលោកគឺជាតារាម្នាក់ដែលអាច ច្រៀងបានទាំងសំឡេងជាបុរសនិងនារី បានយ៉ាងពីរោះហើយថែមទាំងមានកាយវិការក្រម៉ាច់ ក្រម៉ើមនិងការតុបតែងខ្លួនគួរឱ្យស្រឡាញ់ថែមទៀត ។ អ្វីដែលចាប់អារម្មណ៍ទោះជា រ៉ូលីន និយមតុបតែងខ្លួនជាមនុស្សស្រីក៏ពិតមែន នឹងធ្លាប់អះអាងថាចង់បានភរិយា ក៏ពិតមែន តែមហាជនជាច្រើននៅតែមានមន្ទិលសង្ស័យរហូតថ្មីៗនេះមានការសួរថាជាតិក្រោយលោក ចង់កើតជាមនុស្សប្រុសឬ ស្រី ដែលធ្វើឱ្យ រ៉ូលីន ទប់អារម្មណ៍ស្ទើរមិនជាប់ ។
រ៉ូលីន ដែលមានឈ្មោះពិតប្រាកដថាលោក ជួន ច័ន្ទកក្កដា នោះត្រូវបានគេដឹងថាជាតារាម្នាក់ដែលទទួលបានការគាំទ្រពីសំណាក់មហាជនមិនធម្មតាដែរ តាមរយៈការតុបតែងខ្លួន ជានារីភេទដ៏ស្រស់ស្អាតរួមនឹងទឹកដមសំឡេងតែម្តង ។គិតមកដល់ពេលនេះ រ៉ូលីន បានបោះជំហានលើវិថីសិល្បៈខ្មែរអស់រយៈពេលប្រមាណជាង ១០ ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ ២០១១មកម្លេះ។
អ្វីដែលគួរឱ្យកត់សម្គាល់ រ៉ូលីន មានសមត្ថភាពសិល្បៈខ្ពស់នឹងច្រើនទម្រង់ដែលមានទាំង ពិធីករ តារាចម្រៀង តារាសម្ដែង នឹងជាតារាកំប្លែងម្នាក់ពោរពេញដោយវោហាសព្ទចាក់ទឹកមិនលេចផងដែរ ។
អ្វីដែលចាប់អាម្មណ៍ជាមួយនឹងការនិយមតែងខ្លួនជានារីភេទរួមនឹងការចូលចិត្តលេបខាយនិយាយពាក្យលេចលើស្មើក្រោមជាមួយតារាប្រុសទាំងក្នុងកម្មវិធីសិល្បៈនិងក្រៅឆាកនោះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន តែងលើកជាសំណួរថាតើទៅថ្ងៃអនាគត រ៉ូលីន ចង់បានភរិយា ឬស្វាមី ។មិនមែនជារឿង ប្លែកទេជារឿយៗ រ៉ូលីន តែងទទួលបានសំណួរបែបនេះ ។ យ៉ាងណាមិញថ្មីៗនេះ រ៉ូលីន ត្រូវបានអ្នកលេងបណ្តាញសង្គមមួយសួរត្រង់ៗថា«សុំអភ័យទោសបង រ៉ូលីន សុំសួរបងបើ មានជាតិក្រោយចង់កើតជាមនុស្សប្រុសឬមនុស្សស្រី»។
តបនឹងសំណួរនេះ តារានិយមតែងខ្លួនជានារីភេទរូបនេះបានឆ្លើយថា«រាល់ថ្ងៃនេះធុញហ្នឹងសំណួរគេសួរថា ប្រុសឫក៏ស្រី អនាគតទៅយកប្តីឫប្រពន្ធ ឥឡូវធ្លាយដល់ជាតិក្រោយទៀត ! ខ្ញុំសូមសួរមួយពេលដែលសួរឱ្យខ្ញុំឆ្លើយហើយសិរីសួស្តីជយ័មង្គលកើតមាន មានដល់អស់លោកអ្នកមែន?
វាមិនចាំបាច់អីត្រូវដឹងថាគេយកប្តីឫប្រពន្ធស្រលាញ់ប្រុសក៏ស្រីទេ ទោះបីខ្ញុំជាមនុស្សមហាជនក៏ខ្ញុំមិនចាំបាច់អីត្រូវឆ្លើយហ្នឹងសំណួរអស់ហ្នឹងដែរ!ខ្ញុំសុំមែនតាស បើទំនេររកអីធ្វើឱ្យ មានប្រយោជន៍ទៅកុំសួរសំនួរនាំឱ្យ រំខានអារម្មណ៍គេអញ្ចឹង»។ការលើកឡើងរបស់ រ៉ូលីន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រព្រោះគិតថាសំណួរនេះអាចប៉ះពាល់ អារម្មណ៍មិនគួរសួរបែបនេះឡើយ ។ ណាមួយការស្រឡាញ់ភេទដូចគ្នាឬផ្ទុយគ្នាមិនមានអ្វីគួរ ឱ្យរើសអើងឡើយសម្រាប់សម័យបច្ចុប្បន្ននេះ ៕











