
សិល្បៈ
គ្រាន់តែបញ្ចប់ការច្រៀងនៅក្នុងកម្មវិធីស្វាគមន៍ប្រមុខរដ្ឋ និង គណៈប្រតិភូក្នុងពិធីជប់លៀងដ៏ធំក្នុងកិច្ចប្រជុំកំពូលអាស៊ានភ្លាមតារាចម្រៀងវ័យក្មេងលោក ដួង វីរៈសិទ្ធ បានវេច សម្ពាយ ចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកភ្លាមៗដើម្បីច្រៀងប្រមូលថវិកាជួយដល់អង្គការ មួយ។
សម្រាប់ដំណើរចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិករបស់តារាចម្រៀង ដួង វីរៈសិទ្ធ ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ហើយតាមដឹងនេះជាការចេញទៅសម្តែងជាលើកដំបូងនៅក្នុងប្រទេសជឿនលឿនមួយនេះ ។
ម្ចាស់បទ«ប្រយោគ ស្នេហ៍រូបនេះមិនបានបញ្ជាក់ថាការចេញទៅច្រៀងនៅសហរដ្ឋអាមេរិករបស់លោកមានរយៈពេលប៉ុន្មានខែនឹងរួមដំណើរជាមួយតារារូបណាទៀតឡើយលោកគ្រាន់តែបញ្ជាក់ថាសម្រាប់ការចេញទៅច្រៀងនៅសហរដ្ឋអាមេរិកនេះគឺដើម្បីប្រមូលថវិកាជូនដល់អង្គការមួយដែលជួយព្យាបាលជំងឺដល់ជនក្រីក្រនៅក្នុងប្រទេសកម្ពុជា។
លោក ដួង វីរៈសិទ្ធ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសមត្ថភាពម្នាក់ពោលលោក មិនត្រឹមតែមានទឹកដមសំឡេងផ្អែមពីរោះប៉ុណ្ណោះទេលោកថែមទាំងចេះនិពន្ធបទចម្រៀងថែមទៀតផង ។ មិនត្រឹមជាតារាចម្រៀងប៉ុណ្ណោះទេលោក ដួង វីរៈសិទ្ធ ក៏ធ្លាប់បានចូលរួមសម្តែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសក្នុងតំណែងជាតួឯកបានយ៉ាងល្អពោល លោកជាសិល្បករវ័យក្មេងដែលអាចឆាបឆក់យកបេះដូងអ្នកគាំទ្របានគ្រប់ស្រទាប់ ៕








