
សិល្បៈ
ដ្បិតមានស្ថានភាពផ្លូវចិត្តមិនទាន់ល្អប្រសើរនឹងកំពុងតែកាន់ទុក្ខម្តាយដែលទើបទទួលមរណភាពក្តី តែ សឿ សុធារ៉ា បានឡាយវីដេអូបកស្រាយឱ្យបានច្បាស់លាស់ពីរឿង ជាមួយតារាចម្រៀងវ័យក្មេង ដួង វីរៈសិទ្ធ ។ ហាក់មិនមានការលាក់លៀម សឿ សុធារ៉ា សារភាពថានាងពិតជាមាននិស្ស័យជាមួយតារាចម្រៀង ដួង វីរៈសិទ្ធ ពិតមែន ប្រសិននាងនៅក្រមុំនាងនឹង ស្រឡាញ់លោក តែពេលនេះហួសហើយ ។
ជឿជាក់ថាមហាជនពិតជានៅចាំបានថាកន្លងមក សឿ សុធារ៉ា តែងបង្ហាញអារម្មណ៍របស់ខ្លួន ចំពោះតារាចម្រៀងលោក ដួង វីរៈសិទ្ធ ជាបន្តបន្ទាប់តាមគណនីយហ្វេសប៊ុក រហូតចុងក្រោយ នាងបានបន់ផ្សងជាមួយទេពច្បុតថាចង់បានតារាចម្រៀង ដួង វីរៈសិទ្ធ ជាស្វាមីថែមទៀត ។
ទាក់ទងជាមួយរឿងនេះ សឿ សុធារ៉ា បានឡាយវីដេអូបញ្ជាក់ច្បាស់ៗថា រវាងនាងនិងលោក ដួង វីរៈសិទ្ធ ពិតជាមិនដែលមានទំនាក់ទំនងអ្វីជាមួយគ្នាទេ ហើយកន្លងមកនាងធ្លាប់ថតរឿង ជាមួយលោកដែលមានចំណងជើងថា«ឬស្សា»ដោយលោកសម្តែងជាតួកូនប្រសាររបស់នាង ។
ដោយសារតែទេពកោសល្យសិល្បៈជាច្រើនរបស់លោក ដួង វីរៈសិទ្ធ រួមជាមួយអត្តចរិក ល្អទៀតនោះទើបធ្វើឱ្យ នាងចូលចិត្ត តារាចម្រៀង ដួង វីរៈសិទ្ធ ជាខ្លាំង ។ សឿ សុធារ៉ា ថែមទាំងនិយាយត្រង់ៗថាប្រសិននាងនៅក្រមុំនាងនឹងស្រឡាញ់លោក ដួង វីរៈសិទ្ធ តែពេលនេះហួសហើយក៏ដឹងថាលោក ដួង វីរៈសិទ្ធ មិនបានស្រឡាញ់នាងដែរ ។
សឿ សុធារ៉ា បានឱ្យដឹងថាកន្លងមកគ្រាន់តែជាបន់ផ្សងលេងៗរបស់នាងប៉ុណ្ណោះមិនអាច ក្លាយជាការពិតទេ តែមហាជនបែរជានាំគ្នាជេរនិងរិះគន់នាងខ្លាំងរហូតអ្នកខ្លះថែមទាំងថាឱ្យ នាងគោចាស់ចងស៊ីស្មៅខ្ចីថែមទៀត តែយ៉ាងណា សឿ សុធារ៉ា ថាមិនខឹងសម្បារអ្វីឡើយ ព្រោះនេះក៏ជាកំហុសរបស់នាងដែលបានបង្ហោះសារបែបនេះ ៕








