
សង្គម
ថ្មីៗនេះបន្ទាប់ពីមានរឿងចម្រូងចម្រាស់ ទៅលើករណីស្ត្រីម្នាក់ដែលអះអាងថាកូនរបស់ខ្លួនត្រូវបានសត្វចម្លែកយកទៅបាត់នោះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍បញ្ចេញមតិផ្សេងៗពីគ្នាទៅលើរឿងនេះ ក្នុងនោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរ។
ករណីផ្អើលរឿងពស់ពាំកូនស្រីម្នាក់ទៅបាត់ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរចេញមកបញ្ជាក់ថាជារឿងប្រឌិតផងដែរ ខណៈលទ្ធផលបញ្ជាក់របស់គ្រូពេទ្យបានឲ្យដឹងថា ស្ដ្រីដែលបង្កើតរឿងឲ្យមានការភ្ញាក់ផ្អើលនោះ មិនមានផ្ទៃពោះនោះឡើយ។
ជាមួយគ្នានោះអាជ្ញាធរបានឱ្យស្រ្តី និងក្រុមគ្រួសារនេះបញ្ឈប់ការលើកឡើងបែបនេះ ក៏ដូចជាអ្នកសារព័ត៌មានត្រូវបញ្ឈប់ការផ្សព្វផ្សាយ បើមិនដូច្នោះទេនឹងមានវិធានការច្បា-ប់ហើយ។
តែចំពោះអ្នកលេងបណ្ដាញសង្គមបានបញ្ចេញមតិផ្សេងៗពីគ្នា ខ្លះហាក់មានទំនោរជឿផងដែរ ក្នុងនោះក៏មានការបញ្ចេញមតិពីលោកជំទាវ ហ៊ុន ស៊ីណាតផងដែរ ទាក់ទងនឹងរឿងនេះ ដោយលោកជំទាវ បានលើកឡើងថា៖
«វាអាចជារឿងអបិយជំនឿ បើយើងមិនជឿទេ កុំសើចចំអកឲ្យគាត់ទៀតអី ។ ពេលខ្លះវាអាចរឿងផ្លូវក្នុង ឮពាក្យលោករងស្រុកថាអាចមានទោសទន់ស្អីផង កុំដល់ម្លុឹងៗអី ចប់ៗទៅលោកព្រះអើយ ។»
យ៉ាងណាមិញ សម្រាប់មូលហេតុ ដែលនាំឲ្យស្ដ្រីរូបនេះប្រឌិតរឿងបង្កឲ្យមានការភ្ញាក់ផ្អើលនោះ សមត្ថកិច្ច និងអាជ្ញាធរមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ហើយក៏នៅបន្សល់ទុកចម្ងល់ជាច្រើនដល់សាធារណៈជន៕








