
សង្គម
បើទោះបី គង់ ច័ន្ទស្រីមុំ និងពិធីករលោក ដេវីដ បានចេញសារសុំទោសចំពោះមហាជននៅតាមបណ្តាញសង្គមក្តីតែមហាជន ជាច្រើននៅតែទទូចចង់ឱ្យអ្នកទាំងពីរចេញមុខសុំទោសចំពោះទង្វើរបស់ខ្លួន តាមរយៈការឡាយវីដេអូសុំទោសក្នុងនាមខ្លួនជាមនុស្សរបស់មហាជន ។
គួរបញ្ជាក់ថាអ្នកលេងបណ្តាញសង្គមបានផ្ទុះការរិះគន់គ្មានសំចៃមាត់ទៅលើពិធីករលោក ដេវីដ និង គង់ ច័ន្ទស្រីមុំ ដែលបានប្រើប្រាស់ពាក្យអសុរោះទៅកាន់ព្រះរាជបុត្ររបស់ប្រទេសព្រុយណេគឺព្រះអង្គម្ចាស់Abdul Mateen ដែលទើបយាងមកជាមួយព្រះបិតាដើម្បីចូលរួមនៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីប៉ុន្មានថ្ងៃមុននេះ ។
ក្នុងនោះពិធីករ ដេវីដ បានប្រើប្រាស់ពាក្យសម្តីលេងសើចបែបអសីលធម៌ដោយផ្ញើសារទៅកាន់គណនីយផ្លូវការរបស់ព្រះអង្គម្ចាស់ Abdul Mateenដែលវីដេអូនេះត្រូវបាន គង់ ច័ន្ទស្រីមុំ បង្ហោះនៅក្នុងគណនីយអ៊ិនស្តារក្រាម របស់ខ្លួនដែលក្នុងនោះក៏មានស៊ែរចែករំលែកព្រោងព្រាតពាសពេញបណ្តាញសង្គមផងដែរ ។
អ្វីដែលចាប់អារម្មណ៍ក្រោយទទួលរងព្រនង់រិះគន់គ្មានសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញ សង្គមលោក ដេវីដ ក៏បានប្រញាប់ចេញ សារសុំទោសនៅលើគណនីយហ្វេសប៊ុករបស់លោកដែលមានអត្ថន័យថា«ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកើតឡើង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដីអូ។ខ្ញុំបាទពិតជាសោកស្តាយណាស់ដែលមានរឿងនេះកើតឡើងហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រួសលើសដែនកំណត់ពុំបានគិតដិតដល់ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។
បន្ទាប់ពីបានបង្ហោះប្រមាណ ១០ នាទី ខ្ញុំបាទបានភ្ញាក់រឭកក៏លុបចោលភ្លាមៗតែមិននឹកស្មានថារឿងនេះបានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាបជាតិសាសន៍ ឬ ទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នាលើកលែងទោស និង ផ្តល់ឱកាសឱ្យខ្ញុំបាទផងចុះ»។
ងាក គង់ ច័ន្ទស្រីមុំ ឯណេះវិញក៏បានចេញសារខ្លីដែលមានអត្ថន័យថា« សុំទោសរាល់កំហុសគ្រប់យ៉ាងដែលពួកយើងលេងដោយអចេតនានឹងមិនបានគិតសង្ឃឹមថាគ្រប់នឹង លើកលែងឱ្យផ្តល់ឱកាសម្តងទៀត»។បើទោះបី គង់ ច័ន្ទស្រីមុំ និង ដេវីដ បានចេញសារសុំទោសក្តី តែមហាជន ជាច្រើននៅតែមិនអស់ចិត្តដោយម្នាក់ៗបានលើកឡើងគួរតែឱ្យអ្នកទាំងពីរចេញមុខឡាយវីដេអូសុំទោសវិញព្រោះពេលលេងសើចជាមួយនឹងពាក្យអសុរោះទាំងនេះម្នាក់ៗមើលទៅលះខ្លាំងណាស់ ។
ខ្លះទៀតថា ក្នុងនាមជាតារាល្បីជាមនុស្សរបស់មហាជនគួរតែ ពិចារណាមុននឹងលេងអ្វីមួយព្រោះទង្វើអ្នកបង្រៀនឱ្យអ្នកដទៃជាពិសេសក្មេងៗយកគំរូតាមមិនមែនខុសអីអាងសុំទោសហើយចប់នោះទេ ៕












