
សង្គម
លោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែ បានដាក់ពាក្យគោរពជូនទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំលាលែងពីការងារ ដោយសារមូលហេតុ មានភាពមិនប្រក្រតីក្នុងការត្រៀមប្រកាសតែងតាំងអភិបាលរងស្រុកចំនួន ២ រូប បន្ថែមទៀត។
នេះបើតាមពាក្យស្នើសុំលាឈប់ពីតួទីការងារ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដាក់ជូនសម្ដេចក្រឡាហោម ស ខេង តាមរយៈឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
ក្នុងលិខិតបានបញ្ជាក់បន្ថែមទៀតថា កន្លងទៅនេះ ការងាររបស់លោកដែលបានចូលបម្រើតាំងពីឆ្នាំ ២០០១ មក ក្នុងនាទីជានាយករដ្ឋបាលសាលាស្រុកសង្កែ មូលហេតុដែលលោក គង់ សុគុណ្ណា បានដាក់ពាក្យស្នើសុំលាឈប់ពីតួនាទីការងារ ដោយសារថាមានបញ្ហាសុខភាពផ្លូវចិត្ត ករណីការតែងតាំងអភិបាលរងស្រុកចំនួន ២ រូប មានភាពមិនប្រក្រតីសម្រាប់រូបលោក គឺមានភាពអយុត្តិធម៌ ទើបលោកសម្រេចចិត្តសុំលាឈប់ពីការងារតែម្ដង។
បើតាមប្រភពពីមន្ត្រីសាលាស្រុកមួយចំនួនបាននិយាយថា អភិបាលរងស្រុក ២ រូប ដែលត្រៀមប្រកាសនោះ គឺ ៖ ១ រូប មកពីការិយាល័យអប់រំស្រុក និង ១ រូបទៀត ពីសាលាខេត្តតែម្ដង។
ជុំវិញទៅនឹងរឿងនេះ យើងមិនអាចសុំការបកស្រាយបន្ថែមពីលោក គង់ សុគុណ្ណា បាននោះទេ៕

