សិល្បៈ
តាគល់ក្នុងនាមជាអ្នកច្នៃម៉ូដែលមានប្រជាប្រិយភាពម្នាក់លោក ឯម រៀម បានតុបតែងខ្លួនយ៉ាងទាក់ ទាញជាមួយនឹងរ៉ូបដៃវែងកក្អមឆែកហួសចង្កេះចូលរួមនៅក្នុងពិធីខួបកំណើតឪពុករបស់តារាសម្តែង លី ចាន់សីហា កាលពីយប់មិញនេះដែលធ្វើឱ្យអ្នកចូលរួមប្លែកភ្នែកគ្រប់គ្នា ។
ក្នុងនាមជាអ្នកច្នៃម៉ូដ និងជាជាងគំនូរល្បីឈ្មោះម្នាក់ គឺលោក ឯម រៀម និយមចូលចិត្តការលេងខ្លួនប្លែកៗនិងសិចស៊ីជាពិសេសនៅក្នុងការចូលរួមនៅក្នុងកម្មវិធីនានាតែម្តង ហើយម៉ូដ ខ្លះក៏បានធ្វើឱ្យអ្នកចូលរួមនៅក្នុងកម្មវិធីលាន់មាត់នឹងអៀនជំនួសលោកថែមទៀត ។
តួយ៉ាង នៅក្នុងកម្មវិធីខួបកំណើតលោក លី សុខជុន លោក ឯម រៀម បានស្លៀករ៉ូបកក្អម តែឆែកហួសចង្កេះដែលឃើញហើយពិតជាបើកភ្នែកធំៗគ្រប់គ្នា ។អ្វីដែលកត់សម្គាល់មិនមែនជាលើកដំបូងទេដែលអ្នកច្នៃម៉ូដវ័យជាង ៥០ឆ្នាំរូបនេះលេងស្ទីលប្លែកៗបែបនេះហើយជាញយដង លោកក៏តែងទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនចំពោះការស្លៀកពាក់បែបសិល្បៈរបស់លោក ។
បើទោះបីសម្បុរ និងទម្រង់មុខលោក ឯម រៀម មានពុកមាត់មិនស្រដៀងស្រីក៏ដោយ តែលោកនិយម តែងខ្លួនដោយការស្លៀក រ៉ូបស្បៃស្តើងៗ ជាមួយស្បែកជើងកែងខ្ពស់ៗ របៀបជានារីសិចស៊ីដោយមិនខ្វល់ ពីការរិះគន់ឬវាយប្រហារពីសំណាក់ភ្នែកអ្នកដទៃឡើយ ។
លោក ឯម រៀម ធ្លាប់ប្រាប់ថាការ ស្លៀកពាក់ទាំងនេះជាសិល្បៈដែលអ្នកដែលចូលចិត្តវិស័យហ្វេសសិនពិតជាយល់ច្បាស់ពីការតែងខ្លួនរបស់លោក ។គួររម្លឹកថាលោក ឯម រៀម បានចាប់អាជីពច្នៃម៉ូដ និងជាងគំនូរ តាំងពីឆ្នាំ១៩៩៧ហើយសព្វថ្ងៃលោកក៏ជាអ្នកច្នៃម៉ូដឱ្យតារាចម្រៀង និងសម្ដែងល្បីៗមួយចំនួនផងដែរ ៕