
សង្គម
វិលត្រឡប់ជាថ្មីគេចាប់អារម្មណ៍ឃើញថាតារាសម្តែងលោក អេដវីន កាន់តែមានរូបរាងស្រស់ សង្ហាជាពិសេសសាច់ដុំធំៗដែលមើលទៅពិតជាស្រស់សង្ហាស័ក្តិសមជាបុរសពេញលក្ខណៈ តែម្តង ។ ប៉ុន្តែអ្វីដែលធ្វើឱ្យតារាសម្តែងលោក អេដវីន ហួសចិត្តនោះថ្មីៗនេះលោកបែរជាត្រូវ គេនិយាយថាលោកចេកទៅវិញ ។
ក្រោយឆ្លងកាត់ព្យុះភ្លៀងមួយរយៈតារាសម្តែងលោក អេដវីន បានវិលត្រឡប់ជាថ្មីនៅក្នុង អាជីពសិល្បៈហើយក៏ទទួលបានការគាំទ្រនិងផ្តល់កម្លាំងចិត្តពីសំណាក់មិត្តភក្តិក៏ដូចជាហ្វេន ហ្វេន ជាច្រើន ។ អ្វីដែលកត់សម្គាល់មិនត្រឹមជាអ្នកសិល្បៈប៉ុណ្ណោះទេលោក អេដវីន ក៏ជាគ្រូបង្ហាត់ប្រាណម្នាក់ដូច្នេះហើយបានជាលោកមានរូបរាងស្រស់សង្ហាមាំមួននឹងមានសាច់ដុំធំៗគួរឱ្យទាក់ទាញហើយកាលពីប៉ុន្មានថ្ងៃមុននេះលោកក៏បាន ចូលរួមក្នុងការប្រកួតកីឡាកាយវប្បកម្ម ក្នុងព្រឹត្តិការណ៏កីឡាជាតិលើកទី ៣ទៀតផង ។
អ្វីដែលហួសចិត្តនោះថ្មីៗនេះ លោក អេដវីន បានទម្លាយថាលោកស្អាតសង្ហាមាំមួនខ្លាំងក្លាប៉ុណ្ណឹងដែរ បែរជាត្រូវគេចោទថា លោកចេកទៀត អ្នកដែលថានោះគឺជាអ្នកដែលញ៉ែលោកមិនបាន ។ ទោះជាបែបនេះក្តីលោក អេដវីន មិនបានប្រាប់ថាអ្នកដែលនិយាយឱ្យលោកបែបនេះជាមនុស្សស្រីឬប្រុសនោះទេ ។
បន្ទាប់ពីពើបប្រទះស្នេហាមិនសមប្រកបច្រើនដង ចុងក្រោយនេះបានបន្សល់នូវរឿងឈឺចាប់ខ្លាំងនោះលោក អេដវីន បាននិយាយថាលោកមិនទាន់មានអ្នកថ្មីទេព្រោះគិតថាខ្លួនមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ តែលោករំពឹងថានឹងបានជួបមនុស្សដែលស្រឡាញ់លោកជាងលោកស្រឡាញ់ខ្លួនឯង ។
សម្រាប់ឆ្នាំ ២០២៣នេះ តារាសម្តែងរូបសង្ហា អេដវីន ក៏នឹងមានឱកាសបានបញ្ចេញសមត្ថភាពនៅក្នុងរឿង«អប្សរាមហាអង្គរ»របស់ផលិតករដ៏ល្បី ហ្វៃ សំអាង ដោយប្រជុំទៅដោយតារាសម្តែងល្បីៗជាច្រើនជំនាន់រួមនឹងបវរកញ្ញាជាច្រើនរូបថែមទៀត ។ នៅក្នុងរឿងនេះលោក អេដវីន សម្តែងជាតួព្រះអង្គម្ចាស់ដែលគេរំពឹងថារឿងនេះនឹងជួយត្រួស ត្រាយប្រជាប្រិយភាពលោកជាថ្មីឡើងវិញ៕




