សិល្បៈ
តាគល់ជឿជាក់ថាមហាជនជាច្រើនពិតជាបានដឹងច្បាស់ថាតារាចម្រៀងកូរ៉េខាងត្បូងល្បីឈ្មោះ CLបានមកចូលរួមសម្តែងនៅក្នុងប្រទេសកម្ពុជាក្នុងកម្មវិធីVattanac All in Festival 2022 កាលពីថ្ងៃទី ២៦កន្លងទៅ។
ខណៈពេលដែលតារាចម្រៀងដ៏ល្បី CL បានធ្វើដំណើរមកកម្ពុជាគេបានឃើញអ្នកគាំទ្រ ជាច្រើនបានទៅទទួលតារាចម្រៀងដ៏ល្បីរូបនេះព្រោងព្រាតនៅអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ ហើយក្នុងចំណោមហ្វេន ហ្វេនជាច្រើនកុះករនោះគេបានឃើញបុរស ម្នាក់ត្រូវអង្គរក្ស របស់តារាចម្រៀង CL រុញឱ្យដួលដែលបណ្តាលឱ្យមានការជជែកវែកញែកជុំវិញរឿងនេះ ។
បុរសដែលត្រូវអង្គរក្សតារាចម្រៀង CLរុញឱ្យដួលនោះត្រូវបានគេស្គាល់ថាឈ្មោះថា Hara Yuth ដោយក្នុងនោះលោកនិយាយថាខ្លួនមិនមានរបួសស្នាមអ្វីទេនៅពេលដួលនៅក្នុងថ្ងៃនោះ នឹងបានរៀបរាប់ពីមូលហេតុដែលធ្វើឱ្យលោកដួលដូច្នេះថាពេលដែលឃើញតារាចម្រៀង CL មកលោកក៏ហុចអាល់ប៊ុមចម្រៀងទៅនាងពេលនាងលូកដៃយកក៏ជ្រុះហ្វឺតនៅក្នុងនោះលោក ក៏ឱនរើស តែពេលឱនរើសនោះក៏ត្រូវគេរុញឱ្យដួលដែរ តែលោកទប់ខ្លួនជាប់។
ដោយសារ ក្តីស្រឡាញ់និងគាំទ្រដល់តារាចម្រៀង CLអស់រយៈពេល ១៥ឆ្នាំទើបលោករើសហ្វឺតនឹងហុច ឱ្យ CLចុះហត្ថលេខាតែដោយសារកៀកសន្តិសុខពេកណាមួយអាចមានការយល់ច្រឡំថាជា ឧបករណ៍អ្វីផ្សេងទើបធ្វើឱ្យមានការរុញលោកដួលបែបនេះ ។លោក Hara Yuth ទទួលស្គាល់ ទង្វើរបស់លោកពិតជាអាក្រក់មើលណាស់ហើយលោកក៏មិនបានខឹងនឹងអង្គរក្សដែលរុញលោកឱ្យដួលនោះដែរព្រោះជាកាតព្វកិច្ចដែលគេត្រូវការពារសន្តិសុខតារាចម្រៀង CL។
សកម្មភាពរបស់លោក Hara Yuth ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិ រៀងៗខ្លួនដោយមានទាំងអ្នកអាណិតនិងអ្នករិះគន់ថាមិនគួរស្រឡាញ់ខ្លាំងរហូតធ្វើឱ្យបាត់បង់ តម្លៃខ្លួននៅកណ្តាលហ្វូងមនុស្សកុះករបែបនេះសោះ ។ ខ្លះថាប្រសិនស្រឡាញ់ឪពុកម្តាយខ្លួន បានតែប៉ុណ្ណេះមិនដឹងល្អបែបណាទេ ហើយក៏មានអ្នកខ្លះបាននិយាយថាប្រសិនបើដួល បោកក្បាលទៅមិនអាសន្នទៅហើយមើលរូបភាពនេះពិតជាគួរឱ្យអាណិតគាត់ណាស់ ។
បើទោះ មិនបានតបតទៅអ្នករិះគន់ តែលោក Hara Yuth បានបង្ហោះសារដែលមានអត្ថន័យថា«អ្នកជេរខ្ញុំតែអ្នកមិនដែលស្គាល់ខ្ញុំតែខ្ញុំស្គាល់ពីភាពថ្លៃថ្នូរក្នុងការរស់នៅក្នុងសង្គមរបស់អ្នកទាំង អស់គ្នា កុំឱ្យតំលៃខ្ញុំ តែឱ្យតម្លៃទៅលើខ្លួនឯងវិញចុះ ជេរដោយក្ដីគោរពខ្ញុំមិនតបទេកុំបារម្ភ»៕