
សង្គម
នៅពេលថ្មីៗនេះ មហាជនអ្នកគាំទ្របានសម្ដែងក្ដីរំភើប ត្រេកអរជំនួសអតីតតារាសម្ដែង គឺអ្នកនាង សឿ សុធារ៉ា បន្ទាប់ពីជួបរឿងរ៉ាវ និងបញ្ហាផ្លូវចិត្តជាច្រើនកន្លងមក ពេលនេះអាចថានឹងទទួលបានជីវិតថ្មី ក្រោយពីមានការជួយជ្រោមជ្រែងពីសំណាក់មហាជន ក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ ក្នុងការជួយជាជំរកថ្មីសម្រាប់អ្នកនាងជាទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ។
បន្ទាប់ពីបានដឹងថា សឿ សុធារ៉ា ទទួលបានផ្ទះពីឯកឧត្តមរដ្ឋមន្រ្តី ស្រាប់តែលោក សាពូន មីដាដា ដែលជាអតីតស្វាមី ក៏បានទ-ម្លាយនូវរឿងរ៉ាវកាលពី ១៦ ឆ្នាំមុនថា លោកក៏ធ្លាប់ទទួលបានប្រាក់រហូតដល់ទៅ ២ ម៉ឺនដុល្លារផងដែរ ពីឯកឧត្តម ខៀវ កាញារីទ្ធ ក្រោយបកស្រាយបទចម្រៀង ២ បទជូនលោកស្ដាប់កម្សាន្ត។
តាមរយៈអាខោនហ្វេបុករបស់លោក សាពូន មីដាដា បានលើកឡើងនូវសារទាំងស្រុងថា ៖ «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីដែលចិត្តសប្បុរសបំផុត កាលពី ១៦ ឆ្នាំមុនជាលើកដំបូងខ្ញុំមានកិត្តិយសដែលគាត់ហៅខ្ញុំទៅ Karaoke ផឹកស្រាពីរចានចង្កឹះ (មួយចានមួយដង្ហើម ហើយលានអណ្តាតឱ្យគាត់មើល ក្រែងថាលើកមិនដាច់) និង ច្រៀងចម្រៀងពីរបទជូនគាត់ស្តាប់ គឺបទ ពុកអើយ ម៉ែអើយ និង បទ និយមន័យស្នេហ៍ »
លោកបានបន្តឱ្យដឹងទៀតថា៖ «ហើយគាត់បានសរសើរថា អាសំពូន ហ្អែងច្រៀងពីរោះណាស់ អ្នកចម្រៀងឥលូវហ្អែងច្រៀងពីរោះជាងគេ ណេះអញឱ្យហ្អែង ២ ម៉ឺនដុល្លារ សម្រាប់ចម្រៀងពីរបទនេះ ថ្ងៃនោះជាថ្ងៃដែលខ្ញុំស្គាល់ប្រាក់ម៉ឺនដុល្លារក្នុងឆាកជីវិត ខ្ញុំបានយកប្រាក់នោះទាំងត្រេកអរបំផុតមកថ្វាយបង្គំជូនម្តាយឪពុកខ្ញុំ ហើយថ្ងៃនេះគាត់បានជួយ អតីតភរិយាខ្ញុំ និង កូនៗខ្ញុំទៀត លោកមានដួងចិត្តមហិមាណាស់ សូមលោកជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕»







