
សិល្បៈ
រហូតមកដល់ពេលនេះដែរតារាចម្រៀង សុវត្ថិឌី ធារីកា ចាប់ផ្តើមរឹងមាំដោយ នាងចាប់ផ្តើមចេញទៅសម្តែងនៅក្រៅប្រទេសជាលើកដំបូងដែលធ្វើឱ្យអ្នកគាំទ្រនាំគ្នាផ្តល់កម្លាំងចិត្តនឹងជូនពរឱ្យការចេញទៅសម្តែងនៅបរទេសជាលើកដំបូងនេះទទួលបានជោគជ័យ។
ក្រោយពីឱពុកម្តាយបានឃ្លាតឆ្ងាយទៅដោយគ្មានថ្ងៃត្រឡប់ពេលនេះនាងតូច សុវត្ថិឌី ធារីកា គឺជាបង្គោលនៅក្នុងគ្រួសារដោយនាងមានតួនាទីមើលការខុស ត្រូវដល់លោកយាយ និងប្អូនប្រុសជាទីស្រឡាញ់ជាបន្ត ។
ប៉ុន្តែយ៉ាងណាពេល នេះ សុវត្ថិឌី ធារីកា ធូរចិត្តក្រោយប្អូនប្រុសបានប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិជាប់កាលពីពេលថ្មីៗនេះសមតាមបំណងប្រាថ្នារបស់លោកឪពុកម្តាយកាលនៅមានជីវិត។ អ្វីដែលចាប់អារម្មណ៍សម្រាប់ឱកាសឆ្នាំ ២០២៣ នេះ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះក៏មានឱកាសបានចេញទៅកើបប្រាក់នៅប្រទេសអូស្រ្តាលីជាលើកដំបូងផងដែរ ។
សម្រាប់ថ្ងៃទី ០២ នេះដែរតារាចម្រៀង សុវត្ថិឌី ធារីកា ក៏បានទៅដល់ប្រទេស អូស្រ្តាលីដោយសុវត្ថិភាពហើយនេះក៏ជាលើកទីមួយដែលតារាចម្រៀងរូបនេះបានចេញទៅសម្តែងនៅបរទេសបែបនេះ ។ ក្នុងនោះក៏មានការជូនពរឱ្យ សុវត្ថិឌី ធារីកា បានសម្តែងដោយជោគជ័យនៅលើទឹកដីនៃប្រទេសអូស្រ្តាលី ព្រោះ នាងតូចក៏ជាតារាចម្រៀងដែលមានសំឡេងពីរោះជាពិសេសបទសម័យដើមតែម្តង ។
មិនទាន់មានការបង្ហើបថាការចេញទៅសម្តែងរបស់តារាចម្រៀង សុវត្ថិឌី ធារីកា នៅប្រទេសអូស្រ្តាលីមានរយៈពេលប៉ុន្មានខែឡើយ ។ក្នុងនោះក៏មានអ្នក គាំទ្រជាច្រើនផ្តល់កម្លាំងចិត្តនឹងសរសើរថា ពេលនេះ សុវត្ថិឌី ធារិកា កាន់តែ រឹង មាំ និងចាស់ទុំជាងមុនសង្ឃឹមថានាងនឹងកាន់តែជោគជ័យទៅថ្ងៃអនាគត៕








