
សង្គម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចា.ប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចា.ប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនោះ។
តាមរយៈទំព័រហ្វេបុកសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ថ្ងៃនេះ មានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តមជា សុផារាផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។”
សម្តេចតេជោ បន្តថា “ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ ខ្ញុំសម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ។”
សូមបញ្ជាក់ថា យោងតាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ឲ្យនគរបាលចា.ប់ខ្លួនលោកស្រី ឧកញ៉ា សៀង ចាន់ហេង និងបក្ខពួក ប្រគល់ឲ្យអយ្យការចាត់ការតាមច្បាប់ ពាក់ព័ន្ធរឿងដីធ្លីនៅព្រលានយន្តហោះថ្មី ខេត្តកណ្តាល ទាក់ទងនឹងករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល៕


