
សង្គម
ខណៈមនុស្សជាច្រើនកំពុងរីករាយនឹងពិធីបុណ្យចូលឆ្នាំចិន តែតារាចម្រៀង ចំរើន សុភ័ក្រ្ត បែរជាជួបទុក្ខធំដោយលោកតាបានទទួលមរណភាពកាលពីម្សិលមិញនេះ ។ តែអ្វីដែល ចំរើន សុភ័ក្រ្ត សោកស្តាយ ខ្លាំងបំផុតនោះគឺនាង មិនអាចជូនដំណើរនឹងលាលោកតាជាទីគោរព ជាលើកចុងក្រោយ ។
តារាចម្រៀង ចំរើន សុភ័ក្រ្ត បានបង្ហោះសារសោកសៅក្រោយលោកតាបានចែកឋានកាលពី ថ្ងៃទី ២២ ម្សិលមិញនេះវេលាម៉ោង ៣ ដោយរោគាពាធ ។អ្វីដែលគួរឱ្យស្រណោះតារាចម្រៀង ប្រចាំផលិតកម្មហង្សមាសរូបនេះបានត្រឹមយំគគ្រូកនឹងមើលសាកសពលោកតាតាមវីដេអូ ខលប៉ុណ្ណោះ ។
ជាមួយរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹកជាមួយលោកតាជាទីគោរព ចំរើន សុភ័ក្រ្ត បានបង្ហោះសារដែលមានអត្ថន័យថា«ចៅឈឺចាប់បំផុត ពេលចៅមិនបានជួបមុខ លោក តាជាលើកចុងក្រោយព្រឹកថ្ងៃ22 ម៉ោង3:00 ចៅសូមទោសតាបានត្រឹមតែមើលពី ចម្ងាយ»។ អ្វីដែលធ្វើឱ្យ ចំរើន សុភ័ក្រ្ត កាន់តែរំជួលចិត្តនោះនាងបាននិយាយថានឹងដើរលេង ជុំគ្នាក្រោយនាងត្រលប់ទៅស្រុកខ្មែរវិញ ។
ការបាត់បង់លោកតាជាទីជាទីស្រឡាញ់របស់តារាចម្រៀង ចំរើន សុភ័ក្រ្ត ស្របពេលនាង កំពុងជាប់សម្តែងនៅទឹកដីអាមេរិកជាមួយបងស្រីនោះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈ ចូលរួមរំលែកទុក្ខ និងសោកស្តាយគ្រប់ៗគ្នាហើយក៏មានការផ្តល់កម្លាំងចិត្តឱ្យនាងរឹងមាំ ចំពោះការចាកចេញដោយមិនត្រឡប់របស់លោកតា ៕












