
សង្គម
បន្ទាប់ពីមានការជជែកវែកញែកទាក់ទងនឹងសកម្មភាពចុះអនុវត្តវិន័យ របស់លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន ខេត្ដបាត់ដំបង ពេលនេះមានការបកស្រាយបំភ្លឺបន្ថែមហើយពីអ្នកគ្រូនាយិការង ប្រចាំសាលាខាងលើនេះផ្ទាល់តែម្ដង។
ដូចដែលបងប្អូនបានជ្រាបហើយ មហាជនអ្នកលេងបណ្ដាញសង្គម បន្ទាប់ពីឃើញគ្រូចុះឈូសសក់សិស្ស រួចយកមកបង្ហោះជាសាធារណៈកន្លងមក ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមកើតចិត្តងឿងឆ្ងល់ ថាហេតុអ្វីបានជាទៅឈូសសក់សិស្ស ទាំងដែលសក់សិស្សនៅខ្លីស្រាប់ហើយ ដោយអ្នកខ្លះថាសក់គ្រូចង់វែងជាងសិស្សទៅទៀត។
ទាក់ទងទៅនឹងរឿងនេះ បើតាមការបញ្ជាក់ពីអ្នកគ្រូ ទឹង រចនា នាយិការងវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន បានបំភ្លឺតាមរយៈផេក «រំដួលធីវី»៖ ថានេះជាបទបញ្ជាវិន័យរបស់សាលា ដែលតម្រូវម៉ូដប៉េអឹមនេះ សម្រាប់សិស្សចាប់ពីថ្នាក់ទី១០ ដល់ទី១២ ហើយខាងសាលាក៏បានប្រជុំជាមួយអាណាព្យាបាលសិស្សរួច និងបានជូនដំណឹង ទុកពេលដល់សិស្សផងដែរ មុននឹងចាប់ផ្ដើមអនុវត្តនេះ។
អ្នកគ្រូបញ្ជាប់ថា ទាក់ទងនឹងការអនុវត្តនេះ ចំពោះអាណាព្យាបាល ដូចជាមិនមានសកម្មភាពមិនពេញចិត្តនោះទេ ព្រោះបើពួកគាត់មិនពេញចិត្តគឺគាត់មករកមកដល់សាលាហើយ។ ហើយចំពោះមូលហេតុដែលខាងសាលាតម្រូវបែបនេះ គឺដោយសារតែពីមុនមានសិស្សសក់វែង សំពីងសំពោង មិនសមជាសិស្ស ដូច្នេះហើយទើបតម្រូវឱ្យកាត់ម៉ូដប៉េអឹមដូចៗគ្នាបែបនេះតែម្ដង សមជាសិស្ស សុភាពរាបសារឃើញស្អាតផង។
ឆ្លើយតបទៅនឹងការសួរថា បើចង់ឱ្យសិស្សកាត់សក់អ៊ីចឹង ម៉េចមិនឱ្យគ្រូកាត់ដូចសិស្សដែរទៅ អ្នកគ្រូ ទឹង រចនា បញ្ជាក់ថា៖ «ចំណុចនេះមិនដឹងបកស្រាយយ៉ាងណាដែរ តែការយល់របស់មនុស្សគឺខុសៗគ្នា ហើយសិស្សគឺរៀននៅក្រោមការគ្រប់គ្រងរបស់គ្រូ តែយ៉ាងណាមានគ្រូនាយក និងគ្រូផ្សេងៗទៀតជាច្រើន ដែលកាត់ម៉ូដនេះ»។ សូមស្ដាប់ការបកស្រាយទាំងស្រុងតាមរយៈផេក រំដួលធីវី ខាងក្រោមនេះ៖




















