
សង្គម
មានការចាប់អារម្មណ៍ពីសំណាក់មហាជនក្រោយបានឃើញតារាសម្តែង សឿ សុធារ៉ា មានសុខភាពមាំទាំដែលមើលទៅមានភាពស្រស់ស្រាយជាធម្មតាដែល បានបង្ហាញវត្តមាននៅក្នុងពិធីរៀបមង្កលការរបស់ក្មួយប្រុសកាលពីប៉ុន្មានថ្ងៃ មុន។មុននេះបន្តិច សឿ សុធារ៉ា និងកូនស្រីក៏បានលេចមុខនៅក្នុងការឡាយ វីដេអូជាមួយ ចែគេន។
ថ្មីៗនេះគេបានឃើញ សឿ សុធារ៉ា បានបង្ហាញមុខនៅក្នុងពិធីរៀបមង្គលការ ក្មួយប្រុសប្រកបដោយទឹកមុខញញឹមញញែមនឹងមានការតុបតែងខ្លួនយ៉ាង ស្រស់ស្អាត ។ តាមរយៈរូបភាពនេះបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រ សឿ សុធារ៉ា បានបង្ហាញអារម្មណ៍រីករាយក្រោយឃើញតារាសម្តែងរូបនេះមាន សុខភាពមាំទាំនិងមានស្មារតីល្អប្រសើរឡើងវិញ ។
ប៉ុន្តែយ៉ាងណា សឿ សុធារ៉ា មិនទាន់មានសកម្មភាពថ្មីៗនៅក្នុងវិស័យសិល្បៈឡើងវិញទេ? ខណៈពេលនេះ សឿ សុធារ៉ា ក៏បានអំពាវនាវសុំឱ្យម្ចាស់ផលិតកម្មក៏ដូចជាម្ចាស់ផលិតផលនានា អាចទាក់ទងរូបនាងផ្សាយពាណិជ្ជកម្មនឹងសម្តែងរឿងបានមិនថាក្នុងតំណែងជាតួ អង្គអ្វីក៏នាងអាចសម្តែងបាន។
សព្វថ្ងៃនេះ សឿ សុធារ៉ា បានប្រាប់ថាពេលនេះនាងមានសុខភាពល្អប្រសើរ ឡើងវិញហើយ។សឿ សុធារ៉ា ធ្លាប់លើកឡើងថានាងចាប់ផ្តើមពីចំណុចសូន្យ ដោយការពេញចិត្ត ។ឆាប់ៗនេះ សឿ សុធារ៉ា ក៏ត្រូវបានតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ទាក់ទងឱ្យសម្តែង MV បទថ្មីរបស់នាងផ្ទាល់តែម្តង។
សឿ សុធារ៉ា ត្រៀមបង្ហាញស្នាដៃនៅក្នុងរឿងភាគទូរទស្សន៍ហង្សមាស «ម្ចាស់កីតម្បាញ» ដោយនាងរួមសម្តែងជាមួយកូនស្រី សាពូន ដារ៉ាពិមាន ដែលរឿងនេះបាន ថតតាំងពីពីរឆ្នាំមុនម្លេះ។ សឿ សុធារ៉ា រំពឹងថាមហាជននឹងពេញចិត្ត សមត្ថភាពនាងនិងកូនស្រីនៅក្នុងការសម្តែងរឿងភាគមួយនេះ៕











