
សិល្បៈ
នៅក្នុងបណ្តាញសង្គម កំពុងមានការប្រតិកម្មទៅលើរូបភាពមួយសន្លឹក ដែលគេចាប់អារម្មណ៍ថា សង្ស័យអ្នករៀបចំកម្មវិធី ប្រើប្រាស់ឧបករណ៍ភ្លេងបុរាណ ស្គរសម្ភោរ មកធ្វើជាតុ ផ្តល់កិច្ចសម្ភាសន៍ ដែលមតិជាច្រើនបានលើកឡើងថា៖ តើពិតជាស្គរមែន? ឬជាតុដែលមានរូបរាងស្រដៀង? បើសិនជាស្គរមែន តើគួរមានដំណោះស្រាយបែបណា?
ស្របពេលដែលកំពុងមានការជជែកវែកញែក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងដោយសង្ឃឹមថាម្ចាស់ផេក ឬផលិតករមិនមែនគ្រាន់តែលុបវីដេអូនេះទេ ប៉ុន្តែលោកអ្នកគប្បីពិចារណាធ្វើយ៉ាងណាឱ្យសមនឹងការធ្វើបែបនេះ។
តាមរយៈទំព័រហ្វេបុករបស់ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងរៀបរាប់ឱ្យដឹងថា៖ តើខ្វះឧបករណ៍ច្នៃធ្វើតុឬអី??? បានជាផលិតករកម្មវិធីនេះ មិនប្រើការពិចារណាឱ្យបានជ្រៅជ្រះអំពីឧបករណ៍ស្គរ ដ៏មានតម្លៃពីកេរ្តិ៍ដំណែលដូនតាខ្មែរ តាំងពីបុរាណកាលមក នោះគឺស្គរ«សម្ភោរ» ដែលជាទូទៅមុនប្រគំគឺគ្រូភ្លេងតែងនាំគ្នាអុជធូបថ្វាយ។
ឧបករណ៍ស្គរខ្មែរយើងខ្លះទៀត គឺគេប្រើ «ស្គរ» សម្រាប់ទួងយក «ជ័យ» ផង! តើនោះគឺជាចេតនាឬអចេតនា? ខ្ញុំសង្ឃឹមថាម្ចាស់ផេកឬផលិតករមិនមែនគ្រាន់តែលុបវីដេអូនេះទេ ប៉ុន្តែលោកអ្នកគប្បីពិចារណាធ្វើយ៉ាងណាឱ្យសមនឹងការធ្វើបែបនេះ។ ខ្ញុំសរសើរចំពោះខ្លឹមសារនៃបទសំភាន៍និងការផលិតកម្មវិធីនេះ ប៉ុន្តែខ្ញុំប្រ.ឆាំ.ងដាច់ខាតក្នុងការយកឧបរកណ៍ភ្លេងបុរាណខ្មែរដែលមានតម្លៃនេះមកច្នៃធ្វើជាតុដាក់កែវទឹក រួចអង្គុយស្ទើរដាក់ជើងលើបែបនេះ៕








