
សិល្បៈ
បាត់មុខពីអាជីពសិល្បៈរាប់ឆ្នាំពេលនេះអតីតតារាសម្តែងធ្មេញច្រពើស វ៉ាន់ ម៉ូនិច បានក្លាយជាម្ចាស់សណ្ឋាគារដ៏ធំនៅខេត្តព្រះសីហនុដែលទើបដាក់ សម្ពោធកាលពីពេលថ្មីៗនេះ។ មានការលាន់មាត់សរសើរពីសំណាក់មហាជន ខណៈបានឃើញអតីតតារាសម្តែងរូបនេះមានសំណាងនិងឆ្អឹងអណ្តែតខ្ពស់ បែបនេះ។
ជឿជាក់ថាមហាជនជាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងខ្លះៗហើយពីជីវិតឯកជនយ៉ាងឡូយឆាយរបស់អតីតតារាសម្តែង វ៉ាន់ ម៉ូនិច ដែលពេលនេះ កំពុងរស់នៅពោរពេញទៅដោយក្តីសុខជាមួយនឹងងារជាលោកជំទាវខណៈស្វាមីរបស់អ្នកនាងក៏ជាឧកញ៉ាម្នាក់ដែរ ។
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ វ៉ាន់ ម៉ូនិច និងស្វាមីទើបបើកសម្ពោធសណ្ឋាគារដ៏ស្រស់ស្អាតដែលមានទីតាំងនៅ ខេត្តព្រះសីហនុដោយក្នុងនោះអ្នកនាង វ៉ាន់ ម៉ូនិច បានដាក់ស្លាកយីហោសណ្ឋា គារនោះជាឈ្មោះខ្លួនផ្ទាល់ផងដែរ ។
ការបើកបង្ហាញសណ្ឋាគារដ៏ស្រស់ស្អាតដែលមានតម្លៃខ្ទង់លានដុល្លារនឹងជា អាជីវកម្មរបស់អតីតតារាសម្តែងរូបនេះបានធ្វើឱ្យមហាជនក៏ដូចជាមិត្តរួមអាជីពកន្លងមកមានការលាន់មាត់នឹងសរសើរនូវសំណាងរបស់ វ៉ាន់ ម៉ូនិច គ្រប់គ្នា ។ ដូចដឹងស្រាប់ហើយថាមិនត្រឹមរស់នៅក្នុងជិវភាពបែបអភិជនប៉ុណ្ណាះ ទេ វ៉ាន់ ម៉ូនិច ក៏ទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីជាខ្លាំង។
ជារឿយ ៗ អ្នកនាង វ៉ាន់ ម៉ូនិច តែងទទួលបានកាដូជារថយន្តទំនើបៗតម្លៃខ្ពស់ពី សំណាក់ស្វាមីផងដែរ ។ សព្វថ្ងៃម្ចាស់សណ្ឋាគារ វ៉ាន់ ម៉ូនិច ក៏ជាអ្នកម្តាយ របស់កូនៗពីរនាក់ទៅហើយ តែបើនិយាយពីសម្រស់និងការតែងខ្លួនវិញពិត ជាមិនធម្មតាឡើយ ៕














