សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានការចាប់អារម្មណ៍ និងងឿងឆ្ងល់ជាខ្លាំងបន្ទាប់ពីឃើញពិធីករព័ត៌មានល្បីមួយរូបដែលតែងបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ហង្ស ស្រាប់តែបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយសំណេរឱ្យដឹងពីការចាកចេញពីទ្រនំចាស់ទាំងមិនបានបញ្ជាក់ពីមូលហេតុ។
យោងគណនីហ្វេបុករបស់លោកភ័កត្រានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានសរសេររៀបរាប់នូវសារទាំងស្រុងឱ្យដឹងថា៖ «រយៈពេល៩ឆ្នាំដែលខ្ញុំបានក្លាយជាសមាជិកក្នុងគ្រួសារហង្សមាស តែពេលនេះខ្ញុំត្រូវសម្រេចចិត្តចាកចេញទាំងអាល័យ អរគុណលោកពូអគ្គនាយក អុឹង ឆៃងួន លោកអគ្គនាយករង មាស រិទ្ធី មេ ហុង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានផ្តល់ឱកាស និងចំណេះដឹងដល់ខ្ញុំនាពេលកន្លងមក សូមអរគុណបងៗ និងក្រុមការងារទាំងភ្នំពេញ និងគ្រប់ខេត្តដែលបានសហការងារដោយស្នាមញញឹម និងសូមអរគុណបងប្អូនដែលគាំទ្ររាល់ការងាររបស់ខ្ញុំនាពេលកន្លងមកនេះ សូមផ្ញើការចាកចេញរបស់ខ្ញុំទុកជាស្នាមញញឹមក្នុងបេះដូងបងប្អូនទាំងអស់គ្នាផង »។
បន្ទាប់ពីឃើញសារលើកឡើងបែបនេះ សំណួរជាច្រើនត្រូវបានចោទសួរពីមូលហេតុដោយងឿងឆ្ងល់ ជាមួយគ្នានោះក៏ឃើញមានការជូនពរ និងសម្ដែងនូវការសោកស្តាយពីការចាកចេញបែបនេះផងដែរ។
ជុំវិញចំពោះការចាកចេញនេះដែរ បើយោងតាមប្រភពស្និទជាមួយលោកភ័កត្រាបានបង្ហើបឱ្យដឹងថា លោកភ័កត្រាគាត់ចាកចេញកន្លែងការងារនេះដោយមិនមានបញ្ហាវិវាទអ្វីនោះទេ គឺចេញដោយស្នាមញញឹម។
ប្រភពដ៏ដែលក៏បានបញ្ជាក់ទៀតថា «សូម្បីតែខ្ញុំក៏មិននឹកស្មានថាគាត់ឈប់ដែរ តែប្រហែលគាត់មានគោលដៅផ្សេង ព្រោះធ្លាប់ឃើញ និងដឹងថាគាត់កំពុងបង្កើតគោលដៅថ្មីនៅរំដួលធីវី។»
ដូចដែលបងប្អូនបានឃើញស្រាប់មួយរយៈចុងក្រោយនេះយើងតែងតែបានឃើញវត្តមានរបស់លោកនៅរំដួលធីវីពិតមែន អ៊ីចឹងយើងអាចនិយាយបានថាលោក ភ័កត្រា ប្រាកដជាចាប់យកទ្រនំថ្មីទាំងចិត្តនៅអាល័យទ្រនំចាស់៕