
សង្គម
ដូចដែលលោកអ្នកបានជ្រាបហើយថា កម្មវិធីប្រកួត Miss universe 2022 នៅលើទឹកដីសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់ហើយកាលពីដើមសប្តាហ៍កន្លងទៅ តែទោះជាបែបនេះក្ដី បរវកញ្ញាកម្ពុជារបស់យើងគឺនៅមិនទាន់បានវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅឡើយទេ។
អ្វីដែលកាន់តែមានការចាប់អារម្មណ៍ទៀតនោះគឺនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ Miss Universe Cambodia បានបង្ហាញអំពីសម្មភាពបវរកញ្ញាចក្រវាឡកម្ពុជា ចំនួន៤រូប ៖គឺ កញ្ញា រឿន ណាត បវរកញ្ញាកម្ពុជា ឆ្នាំ២០១៨ , កញ្ញា សំណាង អេលីណា ម្ចាស់ជ័យលាភីឆ្នាំ២០១៩ , កញ្ញា រ៉េ សារីតា ម្ចាស់មកុដ ឆ្នាំ២០២០ និងបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ការប្រកួតថ្មីៗនេះគឺ កញ្ញា ហង្ស ម៉ានីតា ។
បវរកញ្ញាកម្ពុជាទាំងបួននាក់ បាននាំស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិយ៉ាងស្រស់សោភា ដោយបង្ហាញឱ្យឃើញពីតម្លៃ និងសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ ដើម្បីទៅចូលរួមទស្សនកិច្ចនៅ សេតវិមានប្រធានាធិបតីអាមេរិក ជាមួយនឹងអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយក្នុងនោះម្នាក់ៗបានលើកឡើងស្រដៀងនឹងគ្នាថា ពិតជាត្រេកអរ និងសប្បាយចិត្ត ដោយមិននឹកស្មានថា ពួកគេទាំង៤ មានឱកាសបានចូលទស្សនា សេតវិមានប្រធានាធិបតីអាមេរិកផ្ទាល់បែបនោះទេ។
ក្នុងនោះ កញ្ញា រឿន ណាត លើកឡើងនៅលើទំព័រហ្វេបុកនាងថា៖ «នាងខ្ញុំពិតជាមានកិត្តិយស នឹងមានមោទនភាពខ្លាំងមែនទែន ក្នុងនាមជាកូនខ្មែរ១រូប ដែលមានឱកាសបានមកទស្សនកិច្ចនៅ សេតិវិមាន ស របស់ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក នាងខ្ញុំពិតជាមិនហ៊ានស្រមៃថា ខ្លួនឯងនឹងមកដល់ទីនេះ ។»
«នាងខ្ញុំ សុំថ្លែងអំណរគុណ ដែលផ្តល់កិត្តិយសអោយនាងខ្ញុំក្នុងនាមជា បវរកញ្ញាកម្ពុជា បានមកទស្សនកិច្ចនៅក្នុងទីកន្លែងដ៏អស្ចារ្យមួយនេះ ។ តោះ បងប្អូន ចូលរួមទស្សនា ទីកន្លែងដ៏ស្រស់ស្អាត នៅក្នុង សេតវិមាន្យស របស់ធានាធិបតីសហរដ្ឋអាមេរិក ទាំងអស់គ្នា»៕















