
សង្គម
ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ទៅលើគូស្វាមីភរិយាមួយគូ នៅទឹកដីស្រុកឆ្លូង ខេត្តក្រចេះ ដែលកូនកំលោះមានអាយុ ៦៦ ឆ្នាំ ឯកូនក្រមុំមានអាយុ ៦៤ ឆ្នាំ អាចនិយាយបានថាអាយុកូនកំលោះច្រើនជាងឪពុកម្ដាយទៅទៀត។
មិនត្រឹមតែកូនកំលោះ កូនក្រមុំ ដែលមានអាយុច្រើននោះទេ សូម្បីតែអ្នកកំដរកូនកំលោះ និងអ្នកកំដរកូនក្រមុំ ក៏មានអាយុច្រើន លើសពី៥០ឆ្នាំដែរ រឿងដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ថែមទៀតនោះ គឺពិធីរៀបមង្គលការនេះ ធ្វើឡើងមានគ្រប់កម្មវិធី ដូចជាពិធីសូត្រមន្ត ពិធីក្រុងពាលី ពិធីកាត់សក់បបង្កក់សិរី ពិធីបុកល័ក្ដ ពិធីកាត់ខាន់ស្លា ...ដោយមានវត្តមានកំពូលតារាកំប្លែង នាយពែកមី និងតារាពហុជំនាញ អ្នកនាងខាត់សុឃីម អញ្ជើញចូលរួមផងដែរ។
បើតាមសាច់ញាតិបានបង្ហើបឱ្យដឹងផងដែរថា មូលហេតុដែលនាំឱ្យធ្វើពិធីមង្គលការនេះឡើងវិញ ដោយសារតែចង់ឱ្យចាស់ៗមានភាពសប្បាយរីករាយ ហើយហេតុផលមួយទៀតគឺដោយសារតែជំនាន់ខ្មែរក្រហម មិនបានរៀបការពេញលេញ ដោយគ្រាន់តែតាមបែបចាប់គូការយកតែម្ដង ដូច្នេះហើយទើបធ្វើពិធីមង្គលការផ្កាស្លានេះឡើងវិញ។













