សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណាះតារាចម្រៀងនិយមច្រៀងបទសម័យដើម ទៀង មុំសុធាវី ដែលសព្វថ្ងៃស្ពាយងារជាជំទាវនោះត្រៀមសម្រាលកូនទីពីរ តែ យ៉ាងណាតារាចម្រៀងរូបនេះមិនទាន់បញ្ជាក់ថាសមាជិកទីពីររបស់ខ្លួនជាកូនប្រុស ឬស្រីនោះទេ ។
ក្រោយពីបាត់មុខពីកម្មវិធីប្រគំតន្រ្តីនានាទាំងក្នុងស្រុក និងក្រៅស្រុកមួយរយៈ ពេលតារាចម្រៀងនិយមច្រៀងបទសម័យដើម ទៀង មុំសុធាវី បានប្រកាស ពពោះកូនទីពីរចំនួន ៩ខែទៅហើយ ។ ជាមួយនឹងដំណឹងល្អរបស់តារាចម្រៀង រូបនេះក៏មានការជូនពរពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រជាច្រើនឱ្យមានសុខភាពល្អ ជាពិសេសសម្រាលកូនដោយសុខសុវត្ថិភាពនាពេលឆាប់ៗនេះ ។
ក្នុងនោះ ក៏មានមហាជនមួយចំនួនលាន់មាត់ថាទោះមានកូនបន្តបន្ទាប់គ្នា តែសម្រស់ ទៀង មុំសុធាវី នៅតែស្រស់ស្អាតបែបធម្មជាតិគួរឱ្យស្រឡាញ់ ។
អ្វីដែលចាប់អារម្មណ៍ដ្បិតមានងារជាជំទាវ នឹងមានស្វាមីជាអ្នកមានឋានៈនៅ ក្នុងជួររដ្ឋាភិបាលក្តី តែ ទៀង មុំសុធាវី នៅតែបន្តអាជីពសិល្បៈដោយមិន មានការហាមប្រាមពីសំណាក់ស្វាមីឡើយ ។ មួយវិញទៀតអ្នកនាងក៏មាន ស្ទីឌីយោផ្ទាល់ខ្លួនទៀតផង ។
គេចាំបានថា ទៀង មុំសុធាវី ជាតារាចម្រៀង ដែលមានសម្រស់ស្អាតស្រគត់ស្រគំដែលភាគច្រើនអ្នកនាងមានទីផ្សារការងារខ្ពស់នៅក្រៅស្រុក។អ្នកនាងបានសម្រេចចិត្តរៀបការជាមួយស្វាមីជាអណិកជន រស់នៅប្រទេសបារាំងនិងជាកូនមន្ត្រីរដ្ឋាភិបាលម្នាក់កាលពីខែកុម្ភៈឆ្នាំ ២០២០ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំសុខាយ៉ាងអធិកអធមហើយនៅឆ្នាំ ២០២១ អ្នកនាងសម្រាលបានកូនប្រុសម្នាក់ដែលមានមុខមាត់គួរឱ្យស្រឡាញ់នឹងឆាប់ ៗនេះក៏ត្រៀមទទួលសមាជិកថ្មីបន្ថែមទៀត៕